ប៉េរូ៖អ្នកបុរាណវត្ថុវិទូនៅប្រទេសប៉េរូបានរកឃើញសំណង់ចាស់ និងបំណែកដុំថ្មបុរាណជាច្រើន ដែលពួកគេជឿថា ជាប្រាសាទ និង រោងមហោស្រព ដែលមានអាយុ ៤,០០០ឆ្នាំ ដោយបានបំភ្លឺពន្លឺថ្មីអំពីប្រភពដើម នៃសាសនាស្មុគ្រ ស្មាញក្នុង តំបន់មួយនេះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីសារមន្ទីរ Field ក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃពុធថា ក្រុមនេះបានចាប់ផ្ដើមសិក្សាពីទីតាំងបុរាណវិទ្យាថ្មីនៃទីក្រុង La Otra Banda, Cerro Las Animas កាលខែមិថុនា។ កាលពីឆ្នាំមុន រដ្ឋាភិបាលក្នុងតំបន់បានជូនដំណឹងដល់ពួកគេចំពោះការរកឃើញបំណែកដុំថ្មបុរាណនៅជិតទីក្រុង Zaña ភាគខាងជើងនៃប្រទេសប៉េរូ ។
ពួកគេបានជីកកកាយដី ដែលមានប្រវែងប្រហែល ៣៣ ហ្វីត និងទទឹង ៣៣ ហ្វីត ដោយបានរកឃើញសញ្ញា នៃជញ្ជាំងបុរាណធ្វើពីភក់ និងដីឥដ្ឋដែលមានជម្រៅត្រឹមតែ ៦ ហ្វីតប៉ុណ្ណោះ។ លោក Luis Muro Ynoñán អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅ Field Museum ដឹកនាំក្រុម បាននិយាយ លើការចេញផ្សាយថា វាពិតជាគួរឲ្យភ្ញាក់ផ្អើល ណាស់ដែលរចនាសម្ព័ន្ធបុរាណទាំងនេះនៅជិតនឹងផ្ទៃដី ។
លោក Muro Ynoñán បានបន្តថា បន្ទាប់ពីជីកជ្រៅ អ្នកបុរាណវត្ថុវិទូបានរកឃើញ ផ្នែកមួយនៃប្រាសាទធំមួយ ដោយបន្ថែមថា ការរកឃើញដ៏ គួរឲ្យរំភើបបំផុតមួយ គឺរោងមហោស្រពតូចមួយ ដែលមានផ្នែកខាងក្រោយឆាក និងជណ្តើរឡើងទៅដល់វេទិកាដូចឆាក ។ វាអាចត្រូវបានគេប្រើ ដើម្បីសម្តែងពិធីសាសនា នៅចំពោះមុខទស្សនិកជន។
យោងតាមការចេញផ្សាយ បានឲ្យដឹងថា ជណ្តើរមួយរបស់រោងមហោស្រព ត្រូវបានអមដោយបន្ទះភក់ ជាមួយនឹងការរចនាឆ្លាក់យ៉ាងប៉ិនប្រសប់ នៃសត្វស្លាបដូចទេវកថា ។ ចំណុចនេះស្រដៀង នឹងរូបភាពផ្សេងទៀត នៃសត្វទេវកថា មានអាយុកាល តាំងពីឆ្នាំ ២,០០ ដល់ ៩០០ មុនគ.ស ជាការផ្តល់តម្រុយបង្ហាញ ពីប្រាសាទនេះ ត្រូវបានសាងសង់ឡើង៕