ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញសាកសព សត្វត្រីបាឡែន ដ៏កម្របំផុតលើពិភពលោក នៅលើឆ្នេរនូវែលសេឡង់

VN Express

នូវែលសេឡង់ ៖ ក្រុមអ្នកវិទ្យាសាស្ត្រនូវែលសេឡង់ បាននិយាយថា សាកសពត្រីបាឡែនដែលមានធ្មេញ ចបជីបជាប្រភេទសត្វកម្រណាស់ លើពិភពលោកត្រូវបានទឹករលក់ បោកបក់មកទើរ នៅលើឆ្នេរខ្សាច់ប្រទេសនូវែលសេឡង់។

ក្រុមអ្នកស៊ើបអង្កេត រដ្ឋាភិបាលបាននិយាយថា សាកសពត្រីបាឡែនរបស់សត្វចម្លែកនេះមានប្រវែង ៥ ម៉ែត្រ ត្រូវបានគេរកឃើញនៅជិតមាត់ទន្លេក្នុងខេត្ត Otago ភាគខាងត្បូង កាលពីថ្ងៃទី ៤ ខែកក្កដា។ សត្វនេះត្រូវបានសម្គាល់ដោយអ្នកជំនាញសត្វសមុទ្រ មកពីនាយកដ្ឋានអភិរក្ស របស់ប្រទេសនូវែលសេឡង់ និងសារមន្ទីរជាតិ Te Papa ជាត្រីបាឡែនឈ្មោល ដែលមានធ្មេញចបជីប។

អ្នកវិទ្យាសាស្ត្របានបន្តថា ការស៊ើបអង្កេត DNA ត្រូវបានដាក់ឲ្យដំណើរការ ដើម្បីបញ្ជាក់ពីចំណាត់ថ្នាក់របស់សត្វសមុទ្រមួយក្បាលនេះ។  លោក Gabe Davies ប្រធានផ្នែកប្រតិបត្តិការឆ្នេរខ្សាច់ នៃនាយកដ្ឋានអភិរក្សបាននិយាយថា ត្រីបាឡែនដែលមានធ្មេញចបជីប គឺជាប្រភេទថនិកសត្វដ៏ធំ ដែលគេស្គាល់តិចតួចបំផុត នៅសម័យទំនើប។

លោក Davies បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៨០០ មានតែចំនួន ៦ ក្បាលតែប៉ុណ្ណោះ ត្រូវបានចងក្រងជាឯកសារនៅទូទាំងពិភពលោក ប៉ុន្តែមួយក្បាលក្នុងចំណោមសត្វទាំងនេះគឺមកពីប្រទេសនូវែលសេឡង់។

នាយកដ្ឋានអភិរក្សបានបន្តថា សាកសពរបស់ត្រីបាឡែនត្រូវបានដាក់ក្នុងកន្លែងត្រជាក់ ហើយសំណាកហ្សែនត្រូវបានបញ្ជូនទៅសាកលវិទ្យាល័យ Auckland ជាអ្នកថែរក្សាបណ្ណសារ New Zealand Cetacean Tissue Archive។  វាអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ ដើម្បីដំណើរការ DNA ហើយការបញ្ជាក់ចុងក្រោយត្រូវបានបញ្ជាក់។

នាយកដ្ឋានអភិរក្សបានបន្ថែមថា ប្រភេទសត្វនេះត្រូវបានពិពណ៌នាជាលើកដំបូងនៅឆ្នាំ ១៨៧៤ រកឃោះញត្រឹមតែថ្គាមតូច និងធ្មេញ ២ ដែលប្រមូលបានពីកោះ Chatham នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនូវែលសេឡង់។ សំណាកនោះ រួមជាមួយនឹងគ្រោងឆ្អឹងនៃសំណាក ២ ផ្សេងទៀត រកឃើញនៅនូវែលសេឡង់ និងប្រទេសឈីលី ជួយឲ្យអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ពីប្រភេទសត្វថ្មីមួយបានថែមទៀត៕

Most Popular

To Top