ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ៖ ការស្វែងរកដោយប្រើប្រព័ន្ធ AI រំលោភលើកម្មសិទ្ធិបញ្ញា និងជំរុញឱ្យមានការកែទម្រង់ច្បាប់

Kyodo

តូក្យូ ៖ សមាគមដែលគ្រប់គ្រង ដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា ម៉ាស៊ីន ស្វែងរកដែលដំណើរ ការដោយបញ្ញាសិប្បនិម្មិត ដែលផ្តល់ដោយក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិកដូចជា Google LLC និង Microsoft Corp. ទំនងជារំលោភលើសិទ្ធិបញ្ញា។

សមាគមអ្នកបោះពុម្ព និងកែសម្រួលកាសែតជប៉ុន នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានអំពាវនាវឱ្យក្រុមហ៊ុន ដែលប្រតិបត្តិការសេវាកម្មបែបនេះ ទទួលបានការយល់ព្រមពីស្ថាប័នព័ត៌មាន ដោយសារការឆ្លើយតប ក្នុងការស្វែងរកតែងតែស្រដៀងនឹងអត្ថបទ ដែលមានប្រភពដោយគ្មានការអនុញ្ញាត។

សមាគមបានវិភាគថា ពេលខ្លះការស្វែងរកដោយប្រើប្រព័ន្ធ AI ត្រលប់មកវិញនូវការឆ្លើយតបមិនត្រឹមត្រូវ ដោយសារពួកគេប្រើឡើងវិញ ឬកែប្រែអត្ថបទមិនសមរម្យ ហើយបាន សង្កត់ធ្ងន់ថាក្រុមហ៊ុនគួរតែធានានូវភាពត្រឹមត្រូវ និងភាពជឿជាក់ នៃសេវាកម្មរបស់ពួកគេ មុនពេលចាប់ផ្តើមដំណើរការ ។

សមាគមក៏បានជំរុញឱ្យរដ្ឋាភិបាល ជប៉ុនពិនិត្យ និងកែសម្រួលច្បាប់ ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដូចជាច្បាប់រក្សាសិទ្ធិ ជាបញ្ហាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ការស្វែងរកដោយប្រើប្រព័ន្ធ AI ដែលរួមបញ្ចូលគ្នានូវសមត្ថភាព ស្វែងរកបែបប្រពៃណីជាមួយនឹង AI ជំនាន់ថ្មី ការទាញយកព័ត៌មានពីគេហទំព័រជាច្រើន ដើម្បីបង្ហាញការឆ្លើយតបសង្ខេប ទៅនឹងសំណួររបស់អ្នកប្រើប្រាស់ ដោយក្រុមហ៊ុន Google បានដាក់ឱ្យដំណើរការសេវាកម្មនេះកាលពីឆ្នាំមុន។

សមាគមបានអះអាង នៅក្នុងសេចក្តីថ្លែងការណ៍ថា ខណៈដែលការស្វែង រកបែបប្រពៃណីដឹកនាំអ្នកប្រើប្រាស់ ទៅកាន់សម្ភារៈរក្សា សិទ្ធិផ្សេងៗ ដែលមាននៅលើអ៊ីនធឺណិត ការស្វែងរកដោយប្រើប្រព័ន្ធ AI បង្ហាញខ្លឹមសារ ដែលធ្វើឱ្យពួកគេក្លាយជាប្រភេទ សេវាកម្មខុសគ្នាទាំងស្រុង៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top