តូក្យូ ៖ ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ភ្ញៀវទេសចរប្រចាំខែនៅក្នុងខែមិថុនា ខណៈដែលតម្លៃប្រាក់យ៉េន របស់ជប៉ុន បានធ្លាក់ចុះបន្តិច និងបានជំរុញឱ្យមានការកើនឡើង នៃវិស័យទេសចរណ៍ ដែលកំពុងក្លាយជាកត្តាជំរុញ ដ៏សំខាន់សម្រាប់វិស័យសេដ្ឋកិច្ច ។
ទិន្នន័យពីអង្គការទេសចរណ៍ជាតិ ជប៉ុន ហៅកាត់ថា (JNTO) បានបង្ហាញឲ្យដឹងថា ចំនួនភ្ញៀវបរទេស សម្រាប់អាជីវកម្ម និងការកម្សាន្តមាន ចំនួន៣,១៤លាននាក់ កាលពីខែមុន ដែលលើសពីកំណត់ត្រាប្រចាំខែមុន ដែលបានកំណត់ក្នុងខែមីនា និងកើនឡើងពី៣,០៤លាននាក់នៅក្នុងខែឧសភា ។
អ្នកដំណើរចំនួន១៧,៧៨ លាននាក់ គិតរហូតដល់ខែមិថុនា ក៏បានក្លាយជាកំណត់ត្រាថ្មីមួយ សម្រាប់រយៈពេលកន្លះឆ្នាំមកនេះផងដែរ ហើយនេះកំពុងឈាន ទៅរកការបំបែកកំណត់ត្រាខ្ពស់បំផុត ប្រចាំឆ្នាំ ដែលមានរហូតដល់៣១,៩លាននាក់ក្នុងឆ្នាំ២០១៩ ពោលគឺនៅមុនពេលជំងឺ រាតត្បាតកូវីដ-១៩ ដែលបានបង្ខំឲ្យពិភពលោកបិទច្រកព្រំដែន ។
កាសែត Nikkei បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល បានធ្វើការប៉ាន់ប្រមាណថា រាល់ការចំណាយរបស់អ្នកទស្សនា នឹងឈានដល់៨ពាន់ពាន់លានយ៉េន ស្មើនឹងប្រហែល៥០ពាន់លានដុល្លារ សហរដ្ឋអាមេរិក នៅឆ្នាំ២០២៤នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា