ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជូនក្រុមអត្តពលិក ចូលរួមប្រកួតកីឡា អូឡាំពិក លើដំបូងក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ

ខាងជើង៖នេះបើតាម របាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ បរទេសបាននិយាយថា ក្រុមអត្តពលិកកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ប្រទេស បារាំងដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ខណៈប្រទេសកុម្មុយនិស្តនេះ បានសម្រេចបញ្ជូនគណៈប្រតិភូរបស់ខ្លួន ទៅចូលរួមការប្រកួតអន្តរជាតិ ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។

យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា ជាមួយការស្លៀក ពាក់អាវពណ៌សដោយអត្តពលិក និងមន្ត្រីកូរ៉េខាងជើង បានចាកចេញទៅកាន់ទីក្រុងប៉ារីស នៅអាកាសយានដ្ឋានក្រុងព្យុង យ៉ាង កាលពីព្រឹកកាលពីថ្ងៃសៅរ៍។

ក្រុងព្យុងយ៉ាងមិនបានបញ្ជូនក្រុមទៅប្រកួត កីឡាអូឡាំពិកក្រុងតូក្យូទេ ខណៈព្រំដែនរបស់ខ្លួននៅ តែបិទចំពេល ជំងឺរាតត្បាតកូវីដ-១៩។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានពិន័យទីក្រុងព្យុងយ៉ាងចំពោះការមិនចូលរួមប្រកួតរបស់ខ្លួន ហើយជាលទ្ធផលកូរ៉េខាងជើង បានបរាជ័យសម្រាប់ការ ទៅចូលរួមប្រកួតកីឡា អូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង។

របាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងជើង លោក Kim Il-guk ក៏ត្រូវបានគេ ប្រទះឃើញ នៅអាកាសយានដ្ឋាន ទោះបីជាវាមិនច្បាស់ថា តើលោកនឹងទៅទីក្រុង ប៉ារីសសម្រាប់ព្រឹត្តិការណ៍នេះក៏ដោយ ក៏អត្តពលិក និងមន្ត្រីមិនបានឆ្លើយសំណួរ ពីប្រព័ន្ធផ្សព្វផ្សាយឡើយ។

គេមិនទាន់ដឹងថា តើអត្តពលិក និងមន្ត្រីប៉ុន្មាននាក់ នឹងចូលរួមព្រឹត្តិការណ៍ នាពេលខាងមុខ ប៉ុន្តែគេហទំព័រ របស់គណៈកម្មាធិការ រៀបចំអូឡាំពិកទីក្រុងប៉ារីស បានបង្ហាញថា អត្តពលិកកូរ៉េខាងជើងប្រហែល ១៦ នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតក្នុងវិញ្ញាសា អូឡាំពិកចំនួន ៧ រួមមានចំបាប់ វាយកូនឃ្លីលើតុ ប្រដាល់ និង កាយសម្ព័ន្ធ ៕

Most Popular

To Top