ឡុងដ៏៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា កម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នា ដែលពាក់ព័ន្ធនឹងចក្រភពអង់គ្លេស ជប៉ុន និងអ៊ីតាលី អាចស្ថិតនៅក្រោមការត្រួតពិនិត្យ នៅក្នុងប្រទេសអង់គ្លេស ក្រោមរដ្ឋាភិបាលថ្មី របស់គណបក្សការងារ ចំពេលមានការព្រួយបារម្ភ អំពីការចំណាយផ្នែកហិរញ្ញវត្ថុ ។
កាសែត The Times បានរាយការណ៍ថា កម្មវិធីត្រូវបានគេព្រួយបារម្ភថា នឹងមានហានិភ័យនៃការកាត់ចេញជាផ្នែកនៃការត្រួតពិនិត្យផ្នែកការពារដ៏សំខាន់” ដោយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Keir Starmer ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី០៥ ខែកក្កដា។
កាសែតនេះក៏បានដកស្រង់ការកត់សម្គាល់ដោយលោក Luke Pollard ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានដកស្រង់សម្តីដោយបានឲ្យដឹងថា កម្មវិធីនេះគឺ “ពិតជាមានសារៈសំខាន់ ប៉ុន្តែវាមិនត្រឹមត្រូវ សម្រាប់ខ្ញុំក្នុងការវាយតម្លៃជាមុននូវអ្វីដែលអាចកើតឡើងនៅក្នុងការត្រួតពិនិត្យផ្នែកការពារជាតិ”។
មន្ត្រីរតនាគារត្រូវបានគេជឿថា បានលើកឡើង ពីការព្រួយបារម្ភជាមួយរដ្ឋាភិបាល មុនអំពីគម្រោងហៅថា Global Combat Air Program ដោយសារតែក្រសួងការពារជាតិ មិនអាចប្រាប់ពួកគេថា តើការអភិវឌ្ឍន៍ របស់វា នឹងត្រូវចំណាយប៉ុន្មាននៅទីបំផុត។
កាសែតបានឲ្យដឹងទៀតថា មន្ត្រីរតនាគារជាន់ខ្ពស់ម្នាក់បានស្នើថា វាគួរតែជ្រើសរើសរវាង “AUKUS ឬ GCAP” ដែលសំដៅទៅលើភាពជាដៃគូ ដែលពាក់ព័ន្ធនឹង ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ដែលមានបំណងបញ្ជូននាវា មុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ទៅកាន់ទីក្រុងកង់បេរ៉ា៕
ប្រែសម្រួល ឈូក បូរ៉ា