អាហ្សង់ទីន ៖ នេះបើយោង តាមការសិក្សាថ្មីមួយ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវអាហ្សង់ទីន បានរកឃើញគ្រោងឆ្អឹងសត្វពង្រូលយក្ស មួយក្បាល មានអាយុកាលជាង ២០,០០០ឆ្នាំមុន ដែលបានបង្ហាញថា មនុស្សបានតាំងទីលំនៅ ដំបូងគេ នៅទ្វីបអាមេរិកដោយប្រើប្រាស់ ឧបករណ៍ថ្មសម្រាប់ប្រម៉ាញ់ សត្វប្រភេទនេះនាសម័យនោះ ។
លោក Miguel Delgado ជាអ្នកស្រាវជ្រាវនៅ សកលវិទ្យាល័យជាតិ La Plata ទីក្រុង Buenos Aires បាននិយាយថា សត្វទាំងនេះមានទំនាក់ទំនង យ៉ាងជិតស្និទ្ធទៅ នឹងសត្វពង្រូល សម័យទំនើប ដែលនៅមានជីវិតនៅឡើយ ។ សត្វនេះត្រូវបានអ្នកស្រាវជ្រាវកត់សម្គាល់ ដោយសារខ្លួនប្រាណគ្រប ដណ្តប់ស្បែកដូចអាវពាសដែក និងមានសមត្ថភាពក្នុង ការរមៀលដូចបាល់ នៅពេលមានការគំរាមកំហែងពីសត្រូវ រួមទំាងមនុស្ស។
លោក Delgado បានបន្តថា ហ្វូស៊ីលដែលលោកបានរកឃើញ ជារបស់ប្រភេទសត្វតូចបំផុតមួយប្រភេទ នៃប្រភេទសត្វពាហនៈដែលផុតពូជហៅថា Neosclerocalyptus ដែលមានទម្ងន់ប្រហែល ៣០០ គីឡូក្រាម និងប្រវែងខ្លួន១៨០ សង់ទីម៉ែត្ររួមទាំងកន្ទុយ។
ក្រុមការងារលោកបាន ប្រើគ្រឿងចក្រឈូសឆាយ ជីកកកាយត្រង់ឆ្អឹងកងខ្នង និងឆ្អឹងអាងត្រគាករបស់សត្វ បន្ទាប់ពីរកឃើញនៅតាមបណ្តោយច្រាំងទន្លេ Reconquista ក្បែរទីក្រុង Merlo ក្នុងតំបន់ទីប្រជុំជន Buenos Aires ។
លោក Delgado បានបន្ថែមថា ក្រុមការងារ បានធ្វើការសម្អាតហ្វូស៊ីលបានបង្ហាញឲ្យឃើញនូវស្នាមចំនួន ៣២ បន្ទាប់ពីការវិភាគយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារលោក ហើយស្លាកស្នាមនៅលើសត្វនេះ បង្កឡើងដោយពពួកសត្វកកេរ និងសត្វស៊ីសាច់ ៕