ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg សរសើរលោក ត្រាំ ថាជាមនុស្សមិនចុះញម ក្នុងពេលលោកត្រូវខ្មាន់ កាំភ្លើងបាញ់សម្លាប់

AFP

បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលពីមុនជា Facebook លោក Mark Zuckerberg បានពណ៌នាប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ចំពោះការប៉ុនប៉ង ធ្វើឃាតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាជា “មនុស្សមិនចុះញម” ។ ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា បានឈប់គាំទ្របេក្ខជន នាំមុខខាងគណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីនោះ លោកបែរជាបានកត់សម្គាល់ថា មានប្រជាជនអាមេរិកជាច្រើន បានរកឃើញការឆ្លើយតបបំផុស គំនិតរបស់លោក ដូណាល់ ត្រាំ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរួចផុតពីការបាញ់សម្លាប់យ៉ាងចង្អៀត នៅឯការជួបជុំយុទ្ធនាការមួយនៅជិត Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំ បានបាញ់មកលើលោកដោយកាំភ្លើង AR-15 ពីដំបូលក្បែរនោះ។

គ្រាប់​កាំភ្លើង​បាន​បាញ់​ចំ​ត្រចៀក​ស្តាំ​របស់​លោក ត្រាំ មុនពេល​ភ្នាក់ងារ​សេវាកម្ម​សម្ងាត់​បាន​សម្លាប់​ឃាតក​ជាខ្មាន់កាំភ្លើង។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឱ្យ​អ្នក​ចូលរួម​បាតុកម្ម​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ។ លោក ត្រាំ ត្រូវបានគេនាំយ៉ាងប្រញាប់ប្រញាល់ ចេញពីកន្លែងកើតហេតុ ដោយសេវាលម្អិតសន្តិសុខរបស់លោក ប៉ុន្តែត្រូវបានគេមើលឃើញថា ពេលនោះ លោកបានលើកកណ្តាប់ដៃរបស់គាត់ឡើង ហើយស្រែកថា “ប្រយុទ្ធ ប្រយុទ្ធ” ទៅកាន់ហ្វូងមនុស្ស នៅពេលដែលគាត់ត្រូវបានគេយកចេញពីឆាក។

លោក Zuckerberg បាននិយាយនៅទីស្នាក់ការកណ្តាល Meta Platforms Inc. ក្នុងទីក្រុង Menlo ថា “ការឃើញលោក ដូណាល់ ត្រាំ ក្រោកឡើងបន្ទាប់ពីបានបាញ់ចំមុខ ហើយក្តាប់ដៃរបស់គាត់ឡើងលើជាមួយនឹងទង់ជាតិអាមេរិកគឺជារឿងដ៏ល្អបំផុតដែលខ្ញុំធ្លាប់ឃើញក្នុងជីវិតរបស់ខ្ញុំ” ។

សហគ្រិនរូបនេះបានបន្ថែមថា “ក្នុងកម្រិតខ្លះក្នុងនាមជាជនជាតិអាមេរិក វាពិបាកណាស់ក្នុងការមិនមានអារម្មណ៍អំពីស្មារតីនោះ និងការប្រយុទ្ធនោះ ហើយខ្ញុំគិតថានោះហើយជាមូលហេតុដែលមនុស្សជាច្រើនចូលចិត្តបុរសនោះ” ។

ទោះជាយ៉ាងណាក៏ដោយ Zuckerberg បានទទូចថា លោកមិនមានគម្រោងចូលរួម ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាពេលខាងមុខតាមមធ្យោបាយណាមួយឡើយ ។ លោក​បាន​បន្ថែម​ថា វា​នឹង​មាន​ខ្លឹមសារ​នយោបាយ​តិច​ជាង​នៅ​លើ Facebook បន្ត​ទៅ​មុខ ដោយ​លើក​ឡើង​ពី​បំណង​ប្រាថ្នា​ របស់​អ្នក​ប្រើ​ប្រាស់ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top