ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស Quad រួមគ្នាប្រឆាំង នឹងការកសាងយោធា របស់ចិន នៅសមុទ្រចិនខាងត្បូង

xinhua

តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ត្រូវបានគេរំពឹងថា នឹងបង្ហាញការប្រឆាំងទៅនឹងការធ្វើផែនការយោធារបស់ចិននៅសមុទ្រចិនខាងត្បូង នៅពេលដែលពួកគេជួបគ្នានៅទីក្រុងតូក្យូនៅចុងខែនេះ ដែលជាសារមួយបានកើតឡើង ចំពេលដែលប្រទេសចិនមានការអះអាងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

យោងតាមប្រភពបានឱ្យដឹងថា រដ្ឋមន្ត្រីមកពីក្រុមបួនផ្លូវដែលត្រូវបានគេស្គាល់ថា Quad ក៏ត្រូវបានគេរំពឹងថា នឹងយល់ព្រមបង្កើតក្របខ័ណ្ឌកិច្ចសន្ទនា ដែលពាក់ព័ន្ធនឹងអ្នកជំនាញច្បាប់ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ដែនសមុទ្រ។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ហើយវានឹងក្លាយជាកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៤ ចាប់តាំងពីខែកញ្ញាមក។

សេចក្តីថ្លែងការណ៍ដែលបានចេញកាលពីខែកញ្ញាបានអំពាវនាវឱ្យដោះស្រាយ “បញ្ហាប្រឈម” នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ប៉ុន្តែសារពីកិច្ចប្រជុំនាពេលខាងមុខ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការបញ្ចេញមតិ ដ៏តឹងរ៉ឹងជាងនេះ ទាក់ទងនឹងការប្រឈមមុខគ្នា ជាបន្តបន្ទាប់រវាងនាវាចិន និងហ្វីលីពីន នៅក្នុងជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង ។

ប្រភពបានឲ្យដឹងថា ការរៀបចំកំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិក Quad នឹងបន្តសម្តែងការប្រឆាំង នឹងការធ្វើសកម្មភាពយោធារបស់ចិន នៅសមុទ្រចិនខាងត្បូង ក៏ដូចជាសកម្មភាពបង្ខិតបង្ខំ និងការគំរាមកំហែងនៅទីនោះ។

ប្រភពបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីក៏នឹងបញ្ចេញ នូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង ហើយប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាព ជាឯកតោភាគីដោយការបង្ខំ ឬការបង្ខិតបង្ខំ ខណៈដែលបញ្ជាក់ឡើងវិញ នូវកិច្ចសហប្រតិបត្តិការ របស់ពួកគេឆ្ពោះទៅរក “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top