ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក របស់អ៊ុយក្រែន ៧៥គ្រឿង ជាចំនួនច្រើនមិនធ្លាប់មាន

AFP

បរទេស៖ មន្ត្រីនៅក្នុងតំបន់ Krasnodar របស់រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញរោងចក្រចម្រាញ់ប្រេងមួយ។ ក្រុមមន្ត្រីបាននិយាយថា រោងចក្រចម្រាញ់ Tuapse ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Rosneft ត្រូវឆាបឆេះដែលក្រោយមកត្រូវបានពន្លត់ឱ្យរលត់វិញ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រោងចក្រដដែលនេះ ត្រូវបានបំផ្លាញដោយការវាយប្រហារ របស់អ៊ុយក្រែនជាច្រើន លើកនៅដើមឆ្នាំនេះ ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅថ្ងៃចន្ទថា បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៧៥ គ្រឿងនៅក្នុងតំបន់តាមបណ្តោយ និងក្បែរព្រំដែនរុស្ស៊ី-អ៊ុយក្រែន រួមទាំង ៨ គ្រឿងនៅពីលើ Krasnodar ។

ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន គឺជារឿងធម្មតានៅក្នុងតំបន់ទាំងនោះ ប៉ុន្តែទំហំដែលបានរាយការណ៍ នៅថ្ងៃច័ន្ទគឺធំជាងធម្មតា។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ៤៧ គ្រឿងត្រូវបានបំផ្លាញនៅលើតំបន់ Rostov ជាកន្លែងដែលក្រុមមន្ត្រី បាននិយាយថា មានការបាញ់កាំជ្រួចតូចៗ ជាច្រើនប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយថា មនុស្សម្នាក់ បានរងរបួស នៅពេលដែលយន្តហោះគ្មាន មនុស្សបើកបានវាយប្រហារ លើរថយន្តដែលពួកគេកំពុងបើកបរ ។

កងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកមួយគ្រឿង ពីលើទីក្រុង Voronezh និង Smolensk ជាទីដែលមន្ត្រីរាយការណ៍ថា មិនមានអ្នករងរបួសនោះទេ ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿងផ្សេងទៀតរបស់អ៊ុយក្រែន ត្រូវបានទម្លាក់ពីលើសមុទ្រខ្មៅ និងសមុទ្រ Azov ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top