ព័ត៌មានអន្តរជាតិ

លោក Kim Beom-su ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េខាងត្បូង Kakao ត្រូវបានចាប់ខ្លួន

កូរ៉េខាងត្បូង ៖ ​មហាសេដ្ឋីនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េខាងត្បូង Kakao Corp លោក Kim Beom-su ត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារនេះ ដោយចោទប្រកាន់លោក ពីបទក្លែងបន្លំភាគហ៊ុន ក្នុងអំឡុងពេលការទិញយកទីភ្នាក់ងារ K-Pop កាលពីឆ្នាំមុន។

ករណីនេះគឺជាការកែប្រែផ្លូវច្បាប់ ចុងក្រោយបំផុតសម្រាប់ក្រុមហ៊ុន Kakao ដែលដំណើរការកម្មវិធីជជែកកម្សាន្តដ៏ធំបំផុត របស់កូរ៉េខាងត្បូង បន្ទាប់ពីក្រុមហ៊ុន និងនាយកប្រតិបត្តិម្នាក់ទៀត បានដំណើរការកាត់ទោសកាលពីឆ្នាំមុន ពីបទចោទប្រកាន់ថាបានធ្វើខុស អំឡុងពេលការទិញយកដូចគ្នា។

លោក Kim ត្រូវបានគេស្គាល់ថា ជា Brian Kim ជាអ្នកមានចក្ខុវិស័យនៅលើឧស្សាហកម្មឌីជីថលរបស់ប្រទេសកូរ៉េខាងត្បូងដែលបានបង្កើតសាខារបស់ Kakao មានតម្លៃ ៨៦ ពាន់ពាន់លានវ៉ុន ស្មើនឹង ៦២ ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីជជែកកាលឆ្នាំ២០១០ ។

អ្នកជំនាញខាងឧស្សាហកម្មបាននិយាយថា ប្រសិនបើមានករណីណាមួយប្រឆាំងនឹងលោកអាចបង្កគ្រោះថ្នាក់ដល់ការវិនិយោគរបស់ក្រុមហ៊ុន Kakao ក្នុងបញ្ញាសិប្បនិម្មិត ក៏ដូចជាផែនការពង្រីកនៅក្រៅប្រទេស។

ព្រះរាជអាជ្ញានិយាយថា លោក Kim បានជាប់ពាក់ព័ន្ធក្នុងការរៀបចំតម្លៃភាគហ៊ុនរបស់ផលិតកម្ម SM Entertainment កាលពីខែកុម្ភៈឆ្នាំមុន ដើម្បីរារាំងគូប្រជែង Hybe ពីការទទួលបានវា។ ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Kim បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថាលោកមិនដែលបញ្ជា ឬអត់ឱនចំពោះសកម្មភាពខុសច្បាប់ណាមួយឡើយ។ រហូតមកដល់ពេលនេះ លោកមិនត្រូវបានគេចោទប្រកាន់ជាផ្លូវការទេ។

សហគ្រិនបច្ចេកវិទ្យាខ្ពស់រូបនេះជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Kakao Corp ជាមួយនឹងភាគហ៊ុន ២៤ ភាគរយ ដែលលោក និងអង្គភាពពាក់ព័ន្ធគ្រប់គ្រង។

មន្ត្រីតុលាការបាននិយាយកាលពីថ្ងៃអង្គារថា តុលាការក្រុងសេអ៊ូលភាគខាងត្បូងបានអនុម័តដីកាចាប់ខ្លួន ដើម្បីការពារការបំផ្លិចបំផ្លាញភស្តុតាង ដោយសារតែលោក Kim  ជាអ្នកបង្កហានិភ័យខ្លាំង។

អ្នកនាំពាក្យអយ្យការបាននិយាយថា លោក Kim កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួន Seoul Nambu ។ ការចាប់ខ្លួនរបស់លោកនឹងមានរយៈពេលរហូតដល់ ២០ ថ្ងៃ ក្នុងអំឡុងពេលព្រះរាជអាជ្ញានឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត មុនពេលសម្រេចចិត្តថា តើត្រូវចោទប្រកាន់លោក ឬអត់៕

Most Popular

To Top