ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន និងការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងចិន និងអ៊ុយក្រែនកាលពីថ្ងៃពុធ។
លោក វ៉ាង យី ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នៅពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅទីក្រុង Guangzhou។
ដោយកត់សម្គាល់ថា វិបត្តិអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣ ហើយជម្លោះនៅតែបន្តជាមួយនឹងហានិភ័យ
នៃការកើនឡើង និងការរីករាលដាល លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ
ក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិ ហើយគោលការណ៍ទាំងបួន ដែលដាក់ដោយ
ប្រធានាធិបតីលោក ស៊ី ជីនពីង និងវិធីសាស្រ្តជាមូលដ្ឋានក្នុងការដោះស្រាយវិបត្តិ។
លោកបានលើកឡើងថា ផ្អែកលើមូលដ្ឋាននេះ ប្រទេសចិន និងប្រេស៊ីល បានរួមគ្នាចេញការយោគយល់គ្នាចំនួន៦ សម្រាប់ដំណោះស្រាយនយោបាយចំពោះវិបត្តិ ដែលរួមមានគោលការណ៍ចំនួនបី សម្រាប់ការគ្រប់គ្រងជម្លោះ ធាតុបីសម្រាប់ផែនការសន្តិភាព កង្វល់មនុស្សធម៌ចំនួនបី ក៏ដូចជាវិធានការសំខាន់ៗក្នុងការទប់ស្កាត់ ហានិភ័យនុយក្លេអ៊ែរ និងធានាស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់។
លោកបានបន្ថែមថា ការឯកភាពគ្នានេះបានទទួលការគាំទ្រ និងការឆ្លើយតបយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ថែមទៀតថា ប្រទេសចិនជឿជាក់ថាជម្លោះទាំងអស់ត្រូវតែបញ្ចប់នៅតុចរចា ហើយជម្លោះទាំងអស់ត្រូវតែដោះស្រាយតាមរយៈមធ្យោបាយនយោបាយ។ លោក វ៉ាង យី បានអះអាងថាថ្មីៗនេះ ទាំងអ៊ុយក្រែន និងរុស្ស៊ី បានបង្ហាញឆន្ទៈក្នុងការចរចា។
លោកបានបញ្ជាក់បន្ថែមថា “ទោះបីជាលក្ខខណ្ឌ និងពេលវេលាមិនទាន់ល្អក៏ដោយ យើងគាំទ្ររាល់កិច្ចខិតខំ
ប្រឹងប្រែង ដែលអំណោយផលដល់សន្តិភាព ហើយត្រៀមខ្លួន ដើម្បីបន្តដើរតួនាទីស្ថាបនា សម្រាប់បទឈប់បាញ់ និងការបន្តការចរចាសន្តិភាព” ដោយបន្ថែមថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ហើយនឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា