សេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបបាល់ហោះប្រហែល៥០០ ដែលមានផ្ទុកសំរាមបណ្តែតចូលទៅក្នុងលំហអាកាសរបស់ប្រទេសកូរ៉េខាងត្បូងគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ការហោះហើរ និងបញ្ឆេះភ្លើងនៅលើដំបូលអគារលំនៅដ្ឋានមួយផងដែរ ។
បាល់ឡុងហោះនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តដោយក្រុងព្យុងយ៉ាងប្រឆាំងនឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជននៅភាគខាងត្បូង ដែលតែងតែផ្ញើបាល់ឡុងដែលដឹករបស់របរដូចជា ខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង លុយ និង USB ដែលផ្ទុកដោយវីដេអូរបស់ក្រុម K-pop និងឯកសារនិទានជាច្រើន ។
មន្ត្រីម្នាក់នៅសាជីវកម្មអាកាសយានដ្ឋានកូរ៉េបានលើកឡើងថា បាល់ឡុងដែលសង្ស័យថា បានផ្អាកការហោះហើរ និងការចុះចតនៅអាកាសយានដ្ឋាន Gimpo ទីក្រុងសេអ៊ូលកាលពីល្ងាចថ្ងៃពុធ គឺមានរយៈពេល២ម៉ោង ។
គេបានដឹងថា បាល់ឡុងហោះនេះ បានបង្កផលប៉ះពាល់ដល់ចរាចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិ សំខាន់របស់កូរ៉េខាងត្បូង Incheon ជាច្រើនដងនៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា