ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា រុស្ស៊ី នឹងចាត់វិធានការប្រឆាំង នឹងការដាក់ពង្រាយមីស៊ីល របស់អាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់

Xinhua

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ី នឹងចាត់វិធានការតបតគ្នា ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក អនុវត្តផែនការបែបនេះ យើងនឹងពិចារណា លើការដាក់ពង្រាយអាវុធវាយប្រហារនរយៈចម្ងាយមធ្យម និងខ្លី រួមទាំងការបង្កើន សមត្ថភាពរបស់កងទ័ពឆ្នេរសមុទ្រ នៃកងទ័ពជើងទឹករបស់យើង” ។

សហរដ្ឋអាមេរិកបានប្រកាស កាលពីដើមខែនេះនូវការសម្រេចចិត្ត ដើម្បីចាប់ផ្តើមការដាក់ពង្រាយ អាវុធរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេស អាល្លឺម៉ង់ ចាប់ពីឆ្នាំ២០២៦ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការណាតូ និងអឺរ៉ុប។

ក្នុងអំឡុងសុន្ទរកថារបស់លោក លោកពូទីន បានសង្កត់ធ្ងន់ថា មីស៊ីលបែបនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងវាយប្រហារគោលដៅ នៅលើទឹកដីរុស្ស៊ីក្នុងរយៈពេល ១០នាទី។

លោកបានលើកឡើងថា “យើងនឹងចាត់វិធានការដូចគ្នា ដើម្បីដាក់ពង្រាយមីស៊ីល ដោយគិតគូរពីចលនារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប និងតំបន់ផ្សេងទៀតនៃពិភពលោក” ។

លោក ពូទីន បានអះអាងថា រុស្ស៊ី នឹងបន្តបង្កើតផ្ទៃទឹក កងកម្លាំងក្រោមទឹក និងកងកម្លាំងទ័ពជើងទឹក ហើយបំពាក់ឱ្យពួកគេជាមួយ នឹងប្រព័ន្ធមីស៊ីលជំនាន់ថ្មី និងល្បឿនលឿនជាងសំឡេង៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top