បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានព្រមានថា ប្រធានាធិបតីតួគី Recep Tayyip Erdogan ថានឹងអាចបញ្ចប់ជីវិតដូចទៅនឹងអតីតមេដឹកនាំអ៊ីរ៉ាក់ លោកSaddam Hussein។
ការលើកឡើងនេះធ្វើឡើងក្នុងអត្ថន័យដើម្បីគម្រាមកំហែងផងពីសំណាក់អ៊ីស្រាអ៊ែលក្នុងគ្រា ដែលប្រសិនបើលោក Erdogan ត្រូវបានផ្តួលរំលំ និងប្រហារជីវិតដោយក្រុមចម្រុះដែលគាំទ្រដោយសហរដ្ឋអាមេរិក ប្រសិនបើគាត់ព្យាយាមធ្វើអន្តរាគមន៍ក្នុងសង្រ្គាម Gaza ។
លោក Erdogan ថ្មីនេះបានបន្តធ្វើការគំរាមកំហែងជាមួយមន្ត្រីអ៊ីស្រាអែលនិងជាពិសេសកាលពីថ្ងៃអាទិត្យជុំវិញប្រតិបត្តិការយោធាដែលកំពុងបន្តរបស់កងកម្លាំងយោធា IDF នៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាការកើនឡើងយ៉ាងឆាប់រហ័សនូវភាពតានតឹងជាមួយក្រុមប្រដាប់អាវុធ Hezbollah ដែលមានមូលដ្ឋាននៅលីបង់។
ថ្លែងនៅឯការជួបជុំមួយក្នុងទីក្រុង Rize ដែលជាស្រុកកំណើតរបស់គាត់ លោក Erdogan បានផ្តល់យោបល់ថា តួគីអាចនឹងវាយលុកចូលទឹកដីអ៊ីស្រាអែលបានគ្រប់ពេល ដើម្បីជួយដល់ជនប៉ាឡេស្ទីន។
ទោះបីជាយ៉ាងណាក្តីលោកKatz បានឆ្លើយតបជាមួយនឹងការព្រមានផ្ទាល់ខ្លួនរបស់គាត់នៅលើ X ដោយគាត់បានសរសេរថា៖Erdogan កំពុងដើរតាមផ្លូវរបស់ Saddam Huseein ហើយគំរាមវាយប្រហារអ៊ីស្រាអែលដោយបន្ថែមថា មេដឹកនាំតួគីគួរតែចងចាំនូវអ្វីដែលបានកើតឡើងនៅទីនោះ និងរបៀបដែលវាបញ្ចប់៕
ប្រែសម្រួល៖ស៊ុនលី