ព័ត៌មានអន្តរជាតិ

សមាជិកណាតូមួយចំនួនប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនភៀសខ្លួនចេញពីលីបង់់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT សមាជិកអង្គការណាតូជាច្រើន រួមទាំងសហរដ្ឋអាមេរិក បានចេញការព្រមានអំពីការធ្វើដំណើរសម្រាប់ប្រទេសលីបង់ ដោយជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីប្រទេសជាបន្ទាន់ នៅពេលប្រឈមមុខនឹងសង្រ្គាមដ៏ខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធគាំទ្រដល់ក្រុម Hezbollahដែលគាំទ្រប៉ាឡេស្ទីននោះ។

ភាពតានតឹងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតបានសម្លាប់កុមារ ១២ នាក់នៅក្នុងទីក្រុង Druze នៃ Majdan Shams ក្នុងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបាននិយាយថា មីស៊ីលទាំងនេះគឺជាគ្រាប់រ៉ុក្កែត Falaq-1 ផលិតដោយអ៊ីរ៉ង់ ដែលបាញ់ដោយក្រុមហេសបូឡា ពីភាគខាងត្បូងប្រទេសលីបង់តែ យ៉ាង​ណា​ក៏​ដោយ ពួក​សកម្មប្រយុទ្ធ​បាន​បដិសេធ​ថា​មិន​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើវាយប្រហារ​នោះ​ទេ។

ភ្លាមៗស្ថានទូតអាមេរិក បានចេញផ្សាយការជូនដំណឹងអំពីការធ្វើដំណើរកាលពីថ្ងៃសៅរ៍ ដោយជំរុញឱ្យជនជាតិអាមេរិក ពិចារណាឡើងវិញយ៉ាងខ្លាំង អំពីការធ្វើដំណើរទៅកាន់ប្រទេសលីបង់។

ការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេសបានណែនាំ ប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសលីបង់ ដោយសារហានិភ័យទាក់ទងនឹងជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

ការ​ព្រមាន​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ចេញ​ដោយ​ប្រទេស​បារាំង អាល្លឺម៉ង់ បែលហ្សិក ហូឡង់ ន័រវែស និង​ដាណឺម៉ាក ព្រម​ទាំង​ប្រទេស​ដែល​មិន​មែន​ជា​អង្គការ​ណាតូ ដូចជា​អៀរឡង់ និង​អូស្ត្រាលីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top