អាមេរិក៖របាយការណ៍មួយបានឥ្យដឹងថា កុមារជិត ២០០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារបញ្ហាសុខភាពដែលទាក់ទងនឹងការបំពុលបរិយាកាស ហើយនាពេលបច្ចុប្បន្ននេះការបំពុលបរិយាកាស ក្លាយជាកត្តាហានិភ័យធំបំផុតទី ២ សម្រាប់ការស្លាប់មុនអាយុនៅទូទាំងពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមរបាយការណ៍ពីវិទ្យាស្ថានផលប៉ះពាល់សុខភាពនៅអាមេរិក កាលពីថ្ងៃពុធបានឲ្យដឹងថា ការប៉ះពាល់នឹងការបំពុលបរិយាកាសបានរួមចំណែកដល់ការស្លាប់របស់មនុស្ស ៨.១ លាននាក់ ប្រហែល ១២ ភាគរយនៃអ្នកស្លាប់ទាំងអស់នៅឆ្នាំ ២០២១។ នេះមានន័យថា ការបំពុលបរិយាកាសបានវ៉ាដាច់ការប្រើប្រាស់ថ្នាំជក់ និងរបបអាហារមិនល្អ ក្លាយជាកត្តាហានិភ័យនាំមុខគេទី២សម្រាប់ការស្លាប់មុនអាយុ នៅពីក្រោយតែជំងឺលើសឈាម។
វិទ្យាស្ថានបានសហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF សម្រាប់របាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋ Global Air បាននិយាយថា កុមារតូចៗងាយរងគ្រោះខ្លាំងចំពោះការបំពុលបរិយាកាស។ ការបំពុលបរិយាកាសបានរួមចំណែកក្នុងការស្លាប់របស់កុមារជាង ៧០០,០០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ ។
លោក Pallavi Pant ជាប្រធានផ្នែកសុខភាពសកលរបស់វិទ្យាស្ថានផលប៉ះពាល់សុខភាពបានប្រាប់ AFP ថា ទាំងនេះគឺជាបញ្ហាដែលយើងដឹងថា យើងអាចដោះស្រាយបាន។ មនុស្សស្ទើរតែគ្រប់រូបក្នុងពិភពលោកដកដង្ហើមកម្រិតនៃការបំពុលបរិយាកាសមិនល្អជារៀងរាល់ថ្ងៃ៕