ព័ត៌មានអន្តរជាតិ

កងទ័ពថៃថា ខ្លួនចង់បានយន្តហោះ គ្មានមនុស្សបើកបំពាក់អាវុធ និងឧទ្ធម្ភាគចក្រវាយប្រហារ ដើម្បីការពារជាតិពីការ គំរាមកំហែងគ្រប់ប្រភេទ

បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានចេញផ្សាយសំណើស្តីពីគោលនយោបាយ ឬរបាយការណ៍សម្រាប់ឆ្នាំ ២០២៤ ដោយអំពាវនាវឱ្យមានការទិញអាវុធជាច្រើនប្រភេទ រួមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដល់ប្រទេសថៃក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យបានអះអាងថា កងទ័ពត្រូវការអាវុធដើម្បីការពារជាតិពីការគំរាមកំហែងគ្រប់ប្រភេទ។

របាយការណ៍ដដែលបានផ្តល់ទិដ្ឋភាពទូទៅនៃសំណើសុំអាវុធ និងឧបករណ៍ពាក់ព័ន្ធ ប៉ុន្តែមិនបានបញ្ចូលព័ត៌មានលម្អិតទេ។

ក្រៅពីយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រវាយប្រហារ ឯកសារបានបញ្ជាក់ថា កងទ័ពក៏ត្រូវការរថក្រោះ រថពាសដែកដែលមានកង់ ឧទ្ធម្ភាគចក្រល្បាត យន្តហោះដឹកជញ្ជូន ប្រព័ន្ធរ៉ាដាការពារ ប្រព័ន្ធត្រួតពិនិត្យដែនដី និងឧបករណ៍ស៊ើបការណ៍ និងទំនាក់ទំនងដែលល្អជាង។

អគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ Charoenchai Hinthao បាននិយាយថា របាយការណ៍ត្រូវបានចែកចាយដើម្បីឱ្យសាធារណជនទូទៅបានទទួលស្គាល់ និងយល់ពីតួនាទីរបស់កងទ័ព និងក្របខ័ណ្ឌអភិវឌ្ឍន៍របស់វា។

លោកបានបន្តថា បញ្ជីអាវុធគឺផ្អែកលើបញ្ហាប្រឈមដែលអាចកើតមាន ចាប់ពីពេលបច្ចុប្បន្នដល់ឆ្នាំ ២០២៧៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top