បារាំងចំណាយទឹកប្រាក់ ៥១ម៉ឺនដុល្លារអាមេរិក ដោយគ្រាន់តែចេញលើថ្លៃជុបលាង ឬ បង់កេ ថ្វាយជូនស្ដេចអង់គ្លេសឆាលទី៣។ នេះបើតាមរបាយការណ៍ដោយតុលាការសវនកម្មបារាំងកាលពីពេលថ្មីៗនេះ។
តុលាការសវនកម្មបារាំងនេះជាស្ថាប័នកំពូលទទួលបន្ទុកលើសវនកម្មជាតិ ដែលឯករាជ្យដាច់ចេញពីស្ថាប័ននីតិប្បញ្ញត្តិ (សភា) និងនីតិប្រតិបត្តិរបស់បារាំង (រដ្ឋាភិបាល)។ ស្ថាប័ននេះស្ថិតក្រោមតុលាការរដ្ឋបាលបារាំង។

ស្ដេចឆាលទី៣របស់អង់គ្លេសបានបំពេញទស្សនកិច្ចមកស្រុកបារាំងកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ អំឡុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទទួលបាយល្ងាចជូនស្ដេចអង់គ្លេសនៅវិមានវែរសៃ (Palace of Versailles) ដែលជារាជវាំងរបស់អតីតស្ដេចបារាំង។

នៅក្នុងពិធីលាងសាយភោជន៍នេះ មានភ្ញៀវចំនួន ១៨០នាក់ ដែលទទួលទានបាយល្ងាចនៅលើតុវែងមួយដ៏ចញ្ចែងចញ្ចាំងប្រវែង ៧៣ម៉ែត្រ។ ក្នុងពិធីនោះដែរមានមុខម្ហូបមួយចំនួនដូចជា បង្កងខៀវ នំប៉័ងក្ដាម និងមាន់ប្រលាក់ស្រាសាំប៉ាញ។

បើតាមរបាយការណ៍សវនកម្មខាងលើនេះ បារាំងចាយ១៨ម៉ឺនដុល្លារលើការរៀបចំម្ហូប ជិត ៥ម៉ឺនដុល្លារលើស្រា និងក្រៅពីនេះទៀតចាយលើសម្ភារៈ និងគ្រឿងសង្ហារិមផ្សេងៗ។

ក្រៅពីស្ដេចឆាល បារាំងចាយខ្ទង់កន្លះលានដុល្លារដូចគ្នាលើការទទួលបាយសម្រាប់លោកនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រ ម៉ូឌី តែចាយតែខ្ទង់ ១៥ម៉ឺនដុល្លារប៉ុណ្ណោះក្នុងការទទួលលោកប្រធានាធិបតីចិន ស៊ី ជីនពីង៕
