ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Intel ប្រកាសកាត់ បន្ថយបុគ្គលិក ច្រើនជាង ១៨,៥០០ នាក់ ជាផ្លូវការហើយ

AFP

រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp. កំពុងកាត់បន្ថយបុគ្គលិក លក្ខណៈទ្រង់ទ្រាយធំមានចំនួន ១៥ ភាគរយក្នុងចំណោម បុគ្គលិកទំាងអស់ របស់ខ្លួន ខណៈខ្លួនព្យាយាមបង្វែរ អាជីវកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយគូប្រជែង ដែលទទួលបានជោគជ័យបន្ថែមទៀតដូចជា Nvidia និង AMD ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Santa Clara រដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ខ្លួនក៏កំពុងព្យួរភាគលាភភាគហ៊ុនរបស់ខ្លួន ដែលជាផ្នែកនៃផែនការ ទូលំទូលាយដើម្បីកាត់បន្ថយការ ចំណាយ ចំណែកការបញ្ឈប់ការងារ ភាគច្រើននឹងត្រូវបញ្ចប់នៅឆ្នាំនេះ។

ក្រុមហ៊ុន Intel បានរាយការណ៍ពីការខាតបង់ សម្រាប់ត្រីមាសទី ២ របស់ខ្លួនរួមជាមួយនឹងការធ្លាក់ចុះនៃប្រាក់ចំណូលតិចតួច ហើយវាព្យាករណ៍ថា ប្រាក់ចំណូលនៅត្រីមាសទី៣ ទាបជាងការរំពឹងទុករបស់ Wall Street ។

ក្រុមហ៊ុនបានប្រកាសពីការខាតបង់ចំនួន ១.៦ ពាន់លានដុល្លារ ឬ ៣៨ សេនក្នុងមួយហ៊ុនចាប់ពីខែមេសាដល់ខែមិថុនា នោះធ្លាក់ចុះពីប្រាក់ចំណេញ ១.៥ ពាន់លានដុល្លារ ឬ ៣៥ សេនក្នុងមួយហ៊ុនកាលពីឆ្នាំមុន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp. បានធ្លាក់ចុះ ១ភាគរយស្មើនឹងទឹកប្រាក់ ១២.៨ ពាន់លានដុល្លារពី១២.៩ ពាន់លានដុល្លារ។

យោងតាមការស្ទង់មតិរបស់ FactSet បានឲ្យដឹងថា ជាមធ្យមអ្នកវិភាគរំពឹងថានឹងទទួលបានប្រាក់ចំណូល ១០ សេនក្នុងមួយហ៊ុនលើប្រាក់ចំណូល ១២.៩ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Intel មានបុគ្គលិក ១២៤,៨០០នាក់ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ដោយផ្អែកលើនោះ ចំនួនបុគ្គលិកដែលក្រុមហ៊ុន គ្រោងនឹងកាត់បន្ថយនឹងមានច្រើនជាង ១៨,៥០០នាក់៕

Most Popular

To Top