បរទេស៖ អាជ្ញាធរក្រុង Nusantara (OIKN) របស់ប្រទេសឥណ្ឌូនេស៊ី បានសាកល្បងគំរូតាក់ស៊ីហោះនៅអាកាសយានដ្ឋាន Aji Pangeran Tumenggung ក្នុងទីក្រុង Samarinda ខេត្ត East Kalimantan ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Mohamed Ali Berawi អនុប្រធាន OIKN សម្រាប់ការផ្លាស់ប្តូរបៃតង និងឌីជីថល បាននិយាយថា យាន UAV បានហោះប្រហែល ១០នាទីក្នុងរយៈកម្ពស់ ៥០ម៉ែត្រ និងល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោកបានសង្កត់ធ្ងន់ថា ការសាកល្បងនេះគឺជាជំហានដំបូងក្នុងការសម្រេចបាននូវការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះជាភស្តុតាងនៃការប្ដេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ីក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដឹកជញ្ជូននាពេលអនាគត។
យោងតាមលោក Berawi , រដ្ឋធានីថ្មីនេះផ្តោតមិនត្រឹមតែលើការផ្គត់ផ្គង់បច្ចេកវិទ្យា UAV ប៉ុណ្ណោះទេ ថែមទាំងលើការអភិវឌ្ឍន៍ និងធ្វើជាម្ចាស់របស់ UAV ថែមទៀត ហើយឥណ្ឌូនេស៊ីចង់បង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍បើកចំហដែលភាគីផ្សេងៗអាចសហការគ្នាដើម្បីអភិវឌ្ឍបច្ចេកវិទ្យាតាក់ស៊ីហោះនេះ។
ទន្ទឹមនឹងនេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យ គឺ OIKN បានសហការជាមួយដៃគូយុទ្ធសាស្ត្រនានា ទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងក្រុមហ៊ុន Hyundai Motor ដើម្បីបង្កើតគំរូតាក់ស៊ីហោះហើរ៕
ប្រែសម្រួលៈ ណៃ តុលា