អ៊ីស្តង់ប៊ុល៖ បំណុលសាធារណៈរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៣៥ពាន់ពាន់លានដុល្លារជាលើកដំបូង ដែលជាកម្រិតមួយ ដែលអ្នកជំនាញបានពិពណ៌នាថា ជាសញ្ញានៃការខ្ចីប្រាក់ ដែលមានបញ្ហា។
លោក Sant Manukyan អ្នកវិភាគនៅ Is Yatirim ផ្នែកធនាគារវិនិយោគនៃក្រុមហ៊ុន Isbank Group ក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់កាសែតស៊ីនហួថា ការខ្ចីប្រាក់នេះមិនផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនោះទេ។
លោក Manukyan បានលើកឡើងថា “ប្រសិនបើបំណុលនេះត្រូវបានបណ្តាក់ទុនលើផ្នែក ដែលអាចធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព និងជំរុញឱ្យមានកំណើនកាន់តែលឿន សេដ្ឋកិច្ចគួរតែលើសពីការចំណាយលើបំណុលតាមពេលវេលា ដែលនាំឱ្យសមាមាត្របំណុលធ្លាក់ចុះ” ។
លោកបានបន្ដទៀតថា “យើងមិនឃើញលទ្ធផលនេះទេ។ ម្យ៉ាងវិញទៀត នេះមិនមែនជាការខ្ចីប្រាក់ ឬកម្ចីដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចនោះទេ”។ លោក Manukyan រំពឹងថា ធនាគរកណ្ដាលអាមេរិក ទំនងជានឹងបន្ថយអត្រាការប្រាក់ក្នុងរយៈពេលខ្លីចំពេលមានការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចទូទៅ។
ទោះជាយ៉ាងណា លោកជឿជាក់ថានិន្នាការនៃការខ្ចីប្រាក់ខ្ពស់នឹងបន្តមាន។ អ្នកជំនាញបានឲ្យដឹងថា “ផ្អែកលើការសម្តែងរបស់ពួកគេ ហើយទាំងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ហាក់ដូចជាបន្តនិន្នាការនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា