ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៨៩នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពសន្តិសុខប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាសាកសពទាំងនេះ ដែលពីមុនត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ត្រូវបានបញ្ជូនតាមច្រក Kerem Shalom នៅភាគខាងត្បូងតំបន់ហ្គាហ្សាដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។
ប្រភពដដែលបានបន្តថា សាកសពត្រូវបានគេដាក់ក្នុងថង់ផ្លាស្ទិក ដែលមានលេខសៀរៀល ប៉ុន្តែមិនមានព័ត៌មានអំពីប្រភពដើម ទីតាំងដែលគេយក ឬទីកន្លែងដែលគេសម្លាប់នោះទេ។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ភាគីអ៊ីស្រាអែល បានយកសាកសពជនរងគ្រោះជាង ២,០០០នាក់ ពីកន្លែងបញ្ចុះសពរាប់សិបកន្លែងនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ៣០៤ ថ្ងៃនៃជម្លោះជាមួយក្រុមហាម៉ាស់។
សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យមានការបង្កើតការស៊ើបអង្កេតអន្តរជាតិឯករាជ្យមួយលើការលួយចយកសាកសព ហើយអ្វីដែលពួកគេនិយាយថាជា “ការលួចសរីរាង្គសំខាន់ៗរបស់សាកសពផងដែរ”។
មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលជុំវិញការប្រគល់សាកសពនោះទេ។ កាលពីមុន IDF បានឲ្យដឹងថា ខ្លួនបានយកសាកសពរាប់សិបនាក់ចេញពីតំបន់ហ្គាហ្សា ដើម្បីធ្វើតេស្ត DNA ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីមើលថាតើមានចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែរឬទេ៕