ព័ត៌មានអន្តរជាតិ

ចិនប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញបញ្ហាដែលអឺរ៉ុបតម្លើងពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

បរទេស៖ ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដាក់ពន្ធបន្ថែមបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី (EVs) ដែលធ្វើឡើងនៅក្នុងប្រទេសអាស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សហភាពអឺរ៉ុបកាលពីខែមុនបានដំឡើងពន្ធចាប់ពី ១៧,៤% ទៅ ៣៧,៦% លើការនាំចូលរថយន្តអគ្គិសនី ( EV ) របស់ចិន ពោលគឺលើសពីពន្ធ ១០% ដែលមានស្រាប់ ដោយអឺរ៉ុបបានលើកឡើងពី “ការឧបត្ថម្ភធនមិនយុត្តិធម៌” របស់ទីក្រុងប៉េកាំងដល់ក្រុមហ៊ុនផលិតរថយន្ត។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានងាកទៅរកយន្តការដោះស្រាយវិវាទរបស់ WTO “ដើម្បីការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍នៃឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបៃតងជាសកល”។

ក្រសួងបានអះអាងថា សេចក្តីសម្រេចបឋមរបស់ EU គឺខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយទៀតថា “យើងជំរុញឱ្យ EU កែតម្រូវភ្លាមៗនូវការអនុវត្តខុសរបស់ខ្លួន ហើយរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម EV” ។

សូមជម្រាបថា សហភាពអឺរ៉ុបគឺជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតសម្រាប់អ្នកផលិត EV របស់ចិន។ យោងតាមការស្រាវជ្រាវថ្មីៗនេះបានឱ្យដឹងថា តម្លៃនៃការនាំចូលរថយន្តអគ្គិសនីនៅសហភាពអឺរ៉ុបរបស់ចិនបានកើនឡើងដល់ ១១,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ពីត្រឹមតែ ១,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ដែលស្មើនឹង ៣៧% នៃការនាំចូលរថយន្តអគ្គិសនីទាំងអស់ទៅកាន់ប្លុកនេះ, បើយោងតាមការស្រាវជ្រាវថ្មីៗនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top