អូទ្រីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូទ្រីស លោក Gerhard Karner បានប្រកាសពីការចាប់ខ្លួនជនទី៣ដែលរៀបចំផែនការ ធ្វើភេរវកម្មវាយប្រហារការប្រគុំតន្ត្រីរបស់កំពូលតារាចម្រៀងអាមេរិក នាង Taylor Swift នៅកីឡដ្ឋាន Ernst Happel ក្នុងទីក្រុងវីយែន។
លោក Karner បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា អ្នកដែលត្រូវបានចាប់ខ្លួន គឺជាជនជាតិអ៊ីរ៉ាក់អាយុ ១៨ ឆ្នាំ បានទាក់ទងជាមួយជនសង្ស័យសំខាន់អាយុ ១៩ឆ្នាំ សម្រាប់ផែនការភេរវកម្មដើម្បីវាយប្រហារការប្រគុំតន្ត្រីនាង Swift ។
លោកបានបន្តថា ជនសង្ស័យទី៣ ត្រូវបានចាប់ខ្លួននោះ មិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងផែនការភេរវកម្មនោះឡោះយ ប៉ុន្តែបានសន្យាថានឹងស្មោះត្រង់ចំពោះក្រុមរដ្ឋអ៊ីស្លាម។
យោងតាមមន្ត្រីសន្តិសុខអូទ្រីស Omar Haijawi-Pirchner ថា យុវជនអាយុ ១៩ឆ្នាំ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងច្បាស់ក្នុងទិសដៅរបស់រដ្ឋអ៊ីស្លាម ហើយគិតថា វាត្រឹមត្រូវក្នុងការសម្លាប់មនុស្សមិនស្មោះត្រង់។ លោក Haijawi-Pirchner បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យសំខាន់ក្នុងផែនការនេះ បានសារភាពថា លោកមានគម្រោងសម្លាប់ខ្លួន និងមនុស្សមួយចំនួនធំ។
នាង Swift បានលុបចោលការប្រគុំតន្ត្រីរបស់នាងនៅទីក្រុងវីយែន នៅពេលរដ្ឋាភិបាលបញ្ជាក់ពីផែនការភេរវកម្មបន្ទាប់ពីការចាប់ខ្លួនជនជាតិអូទ្រីសអាយុ ១៩ឆ្នាំ។ នៅពេលជនសង្ស័យសំខាន់ត្រូវបានចាប់ខ្លួន អគ្គនាយកនៃសន្តិសុខសាធារណៈ លោក Franz Ruf បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលឆែកឆេរផ្ទះរបស់ជនសង្ស័យយើងបានរឹបអូសសារធាតុគីមី វត្ថុរាវ គ្រឿងផ្ទុះ និងឧបករណ៍បច្ចេកទេសអាចប្រើសម្រាប់ផលិតគ្រឿងផ្ទុះ៕