ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធាម្នាក់ ជនជាតិវៀតណាម ត្រូវកាត់ទោសប្រហារជីវិត ពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន ២២៧ គីឡូក្រាម

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតមេបញ្ជាការយោធា ជនជាតិវៀតណាមម្នាក់ នៅទីក្រុងហូជីមិញត្រូវបានកាត់ទោសប្រហារជីវិត ពីបទបើកកន្លែងជួញដូរគ្រឿងញៀន និងរក្សាទុកគ្រឿងញៀនទម្ងន់ ២២៧ គីឡូក្រាមទៀតផង។

លោក Le Minh Tri អាយុ ៣៤ ឆ្នាំ អតីតមេទ័ពជើងគោក បានមកកាត់ទោសនៅតុលាការយោធភូមិភាគទី ៧ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ និងរក្សាទុក ព្រមទាំង ធ្វើការផលិត គ្រឿងញៀនខ្លាំងបំផុតទៀត ។ ក្នុងឆ្នាំ២០១៧ លោក Tri  ជាប្រធានក្រុមនៅនាយកដ្ឋាន ប្រឹក្សានៃបញ្ជាការដ្ឋាន យោធាទីក្រុង ហូជីមិញ បានសម្រេចចិត្តលក់គ្រឿងញៀន ដើម្បីទូទាត់បំណុលរបស់លោកពីការខាតបង់អាជីវកម្ម និងផ្តល់មូលនិធិចំណាយផ្ទាល់ខ្លួន។

តាមរយៈទំនាក់ទំនងរបស់លោក លោកបានជួបលោក Bo និងលោក Kenny ជនជាតិវៀតណាម ២នាក់ដែលមានសញ្ជាតិបារាំង ដែលលោកបានទិញ MDMA និង ketamine ដើម្បីរត់ពន្ធចូលប្រទេសវៀតណាម។ នៅចន្លោះខែតុលា ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២៣ លោក Tri បានទិញថ្នាំញៀន ៩៧ គីឡូក្រាមពីលោក Bo និងលោក Kenny   មានតម្លៃ ២៩.៦ ពាន់លានដុង (១.១៨ លានដុល្លារ)។ ការទូទាត់ត្រូវបានផ្ទេរ ទៅគណនីផ្សេងៗ តាមការណែនាំដោយលោក Bo និងលោក Kenny ។

បន្ទាប់មក លោក Tri បានជួលជនជាតិថៃ ម្នាក់ឈ្មោះ លោក Cam Tam ជាអ្នករត់តាក់ស៊ីមកទទួលការដឹកជញ្ជូនគ្រឿងញៀន ហើយលាក់ទុកនៅក្នុងផ្ទះមួយ ។ ប៉ូលីសទីក្រុងហូជីមិញ បានរកឃើញប្រតិបត្តិការរបស់លោក Tri នៅខែកញ្ញា ឆ្នាំ ២០២១ ហើយក៏បានចាប់ផ្តើមកំណត់មុខសញ្ញាតែម្តង ។

ការស៊ើបអង្កេតបានរកឃើញថា លោក Tri បានចាប់ផ្តើមអាជីវកម្មដោយបែងចែកម្សៅថ្នាំញៀនដែលរត់ពន្ធពីអឺរ៉ុបទៅជាថ្នាំគ្រាប់តូចៗសម្រាប់លក់បន្ត។ បន្ទាប់មកលោក បានព្យាយាម បង្កើនប្រាក់ចំណេញរបស់លោក ដោយលាយវាជាមួយសារធាតុផ្សេងទៀត ដើម្បីគ្រឿងញៀន របស់លោកមាន ទម្ងន់រហូតដល់ ២២៧ គីឡូក្រាម ដើម្បីលក់ក្នុងតម្លៃជិត ៣៦ ពាន់លានដុង ហើយលទ្ធផលនេះធ្វើឲ្យលោកTri ក៏បានព្យាយាមផលិតថ្នាំ ដោយខ្លួនឯងនៅដើមឆ្នាំ ២០២១តែម្តង ៕

Most Popular

To Top