អង់គ្លេស ៖ រដ្ឋាភិបាល ចក្រភពអង់គ្លេសបាននិយាយ កាលពីថ្ងៃអាទិត្យថា សាលារៀន ក្នុងចក្រភពអង់គ្លេស កំពុងបង្រៀនកុមារយល់ ដឹងពីរបៀបមើលមាតិកាជ្រុលនិយម និង ព័ត៌មានក្លែងក្លាយកំពុង រីករាលដាលតាមអ៊ីនធើណេត នៅក្រោមការផ្លាស់ប្តូរដែលបានគ្រោងទុក ចំពោះកម្មវិធីសិក្សា ថ្នាក់ជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
រដ្ឋលេខាធិការក្រសួងអប់រំ លោកស្រី Bridget Phillipson បាននិយាយថា លោកស្រីកំពុងចាប់ផ្តើមការ ពិនិត្យឡើងវិញ នៃកម្មវិធីសិក្សា តាមសាលាបឋមសិក្សា និងមធ្យមសិក្សាដើម្បីណែនាំការគិតប្រកបដោយការរិះគន់លើមុខវិជ្ជាជាច្រើន។ វាកើតឡើងពីភាពវឹកវរនាពេលថ្មីៗនេះនៅទីក្រុងជាច្រើនរបស់អង់គ្លេស បន្ទាប់ពីការវាយប្រហារដោយកាំបិតលើកុមារនៅ Southport ត្រូវបានបញ្ឆេះដោយព័ត៌មានមិនពិតតាមអ៊ីនធើណេត និងក្រុមអ្នកបង្កជម្លោះស្តាំនិយម។
ការចាក់សម្លាប់នេះត្រូវបានគេចោទថា ធ្វើឡើងដោយជនជាតិអង់គ្លេស Axel Rudakubana មានអាយុ ១៧ ឆ្នាំ នៅពេលនោះបានបណ្តាលឲ្យកុមារ ៣ នាក់ស្លាប់។ ប៉ូលិសមិនបានបង្ហាញពីមូលហេតុសង្ស័យនៃការវាយប្រហារនេះទេ ប៉ុន្តែបាននិយាយថា វាមិនត្រូវបានចាត់ទុកថា ជាអំពើភេរវកម្មទេ។ ការស្មានតាមអ៊ីនធើណេត បន្ទាប់ពីសោកនាដកម្មភ្លាមៗនោះបានអះអាងមិនពិតថា យុវជនRudakubana ជាជនអន្តោប្រវេសន៍មូស្លីម។
លោកស្រី Phillipson បានប្រាប់កាសែត Sunday Telegraph ថា វាមានសារសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងផ្តល់ឲ្យយុវជននូវចំណេះដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែង អ្វីដែលពួកគេឃើញតាមអ៊ីនធើណេត ។ នោះហើយ ជាមូលហេតុដែលការពិនិត្យឡើង វិញកម្មវិធីសិក្សារបស់យើង នឹងបង្កើតផែនការ ដើម្បីបញ្ចូលជំនាញសំខាន់ៗ ក្នុងមេរៀន ដើម្បីបំពាក់អាវុធដល់កូនៗរបស់យើងប្រឆាំងនឹងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព៌ត៌មានដ៏អាក្រក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
នេះបើយោង តាម Telegraph ថា ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យឡើងវិញ មិនត្រូវបានកំណត់ដើម្បីរាយការណ៍ ពីការរកឃើញ និងអនុសាសន៍ របស់ខ្លួន រហូតដល់ឆ្នាំក្រោយ មានន័យថាកំណែទម្រង់នឹងមិនចូល ជាធរមានរហូតដល់ឆ្នាំសិក្សា ដែលចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ ២០២៥៕