ព័ត៌មានអន្តរជាតិ

ប្រទេសទួកគី គំរាមបិទបណ្តាញសង្គមរុស្ស៊ី Telegram  បន្ទាប់ពីមិនបានសហការ ជាមួយអាជ្ញាធរ របស់ប្រទេសនេះ

AFP

ទួកគី ៖ កាសែត Takvim បានអះអាងថា ប្រទេសទួកគី នឹងកំណត់ពេលវេលាឲ្យបិទ Telegram ជុំវិញការខកខានមិនបានសហការ ជាមួយអាជ្ញាធររបស់ប្រទេសនេះ បន្ទាប់ពីក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា មិនបានឆ្លើយតបទៅនឹងការជូនដំណឹងច្រើនជាង ១,០០០ ចេញដោយអាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (BTK) របស់ទួកគី។

កាលពីថ្ងៃសៅរ៍ ទីក្រុងអង់ការ៉ាបាននិយាយថា ខ្លួនបានស្ដារការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយផ្សេងទៀតគឺ Instagram បន្ទាប់ពីការហាមឃាត់រយៈពេល ៩ ថ្ងៃដែលបានដាក់កាលពីដើមខែនេះជុំវិញករណីនៃការចាប់ពិរុទ្ធ។ ទួរគីក៏បានបិទជាបណ្ដោះអាសន្ននូវវេទិកា និងគេហទំព័រមួយចំនួនទៀត កាលពីអតីតកាល។ឆ្នាំ២០១៤ អាជ្ញាធររបស់ប្រទេសនេះបានហាមឃាត់ Twitter និង YouTube សម្រាប់រយៈពេល២សប្តាហ៍ និង២ខែរៀងគ្នា ខណៈWikipedia ត្រូវបានប្រកាសបិទដែនកំណត់នៅឆ្នាំ ២០១៧ រហូតដល់ការហាមប្រាម ត្រូវបានដកចេញនៅឆ្នាំ ២០២០ ស្របតាមការសម្រេចរបស់តុលាការធម្មនុញ្ញរបស់ប្រទេសទួរគី។

អត្ថបទមួយកាលពីថ្ងៃអាទិត្យ កាសែត Takvim បានអះអាងថា BTK បានទាក់ទងម្តងហើយម្តងទៀតទៅកាន់ Telegram ដោយទាមទារឲ្យខ្លួនបិទបណ្តាញមួយចំនួនដែលពាក់ព័ន្ធគ្រឿងញៀន និងខ្លឹមសារអាសអាភាស រួមទាំងវីដេអូពាក់ព័ន្ធនឹងកុមារត្រូវបានលក់។

ចំណែកមន្ត្រីក្នុងទីក្រុងអង់ការ៉ាក៏ត្រូវបានគេរាយការណ៍ថា មានបញ្ហាជាមួយនឹងបណ្តាញដែលសន្មតថា ជួយសម្រួលដល់ការលេងល្បែងស៊ីសងខុសច្បាប់ និងពេស្យាចារ។ រហូតមកដល់ពេលនេះកម្មវិធីផ្ញើសារបានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់អ្នកជាវ និងអ្នកគ្រប់គ្រងនៃបណ្តាញបែបនេះជាមួយអាជ្ញាធរទួរគី។

យោងតាមកាសែត Daily Sabah បានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់ Telegram ប្រហែល ៨ លាននាក់នៅទួរគី ដែលធ្វើឲ្យវាក្លាយជាទីផ្សារ ដ៏ធំបំផុតរបស់កម្មវិធីផ្ញើសារ ។ នៅដើមខែសីហា BTK បានរឹតបន្តឹងការចូលប្រើ Instagram បន្ទាប់ពីលោក Fahrettin Altun ជាប្រធានទំនាក់ទំនងរបស់ប្រទេសបានរិះគន់បណ្តាញគ្រប់គ្រងដោយ Meta សម្រាប់ការសន្មត់ថា រារាំងមនុស្សពីការប្រកាសចូលរួមរម្លែកទុក្ខ  បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយហាម៉ាស Ismail Haniyehក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលសង្ស័យនៅទីក្រុងតេអេរ៉ង់ចុងខែមុន។

លោក Altun បានអះអាងនៅពេលនោះថា នេះគឺជាការប៉ុនប៉ងច្បាស់លាស់ និងជាក់ស្តែង ក្នុងការត្រួតពិនិត្យ ដោយប្តេជ្ញាប្រកាន់ជំហរប្រឆាំងនឹងវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបម្រើប្រព័ន្ធសកល នៃការកេងប្រវ័ញ្ច និងអយុត្តិធម៌៕

Most Popular

To Top