មូស្គូ៖ ការវាយប្រហារ របស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបានការឆ្លើយតបដ៏សក្តិសមបំផុត ហើយភារកិច្ចចម្បង របស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការលើកឡើងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ប្រតិបតិ្តការមួយតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុង តំបន់ព្រំដែនថា “សត្រូវពិតជា នឹងទទួលបានការឆ្លើយ តបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខ នឹងពួកយើង នឹងអាចសម្រេចបាន” ។
លោក ពូទីន បានលើកឡើងថា វាច្បាស់ណាស់ថា កងទ័ព អ៊ុយក្រែន នឹងបន្តព្យាយាម ធ្វើឱ្យស្ថាន ការណ៍នៅតំបន់ ព្រំដែនមានអស្ថិរភាព ដើម្បីធ្វើឲ្យស្ថានការណ៍ នយោបាយផ្ទៃក្នុង របស់រុស្ស៊ីមានអស្ថិរភាពដូចគ្នា។
លោកប្រធានាធិបតីបានអំពាវនាវ ដល់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី រួមជាមួយនឹងឆ្មាំជាតិ ដើម្បីធានារបបនៃប្រតិបត្តិការ ប្រឆាំងអំពើភេរវកម្ម និងការប្រយុទ្ធប្រឆាំង ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងការបំផ្លិចបំផ្លាញ និងក្រុមឈ្លបយកការណ៍ របស់អ៊ុយក្រែន នៅក្នុងតំបន់ព្រំដែន ។
កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ី កាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបានវាយបំបែកផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី។ បច្ចុប្បន្ននេះ យោធាអ៊ុយក្រែន កំពងកាន់កាប់កន្លែង តាំងទីលំនៅចំនួន ២៨ នៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា