ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន នឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវ បច្ចេកវិទ្យាការពារជាតិ នៅទីក្រុងតូក្យូក្នុងខែតុលា

AFP

តូក្យូ ៖ ក្រសួងការពារជាតិ របស់ប្រទេសជប៉ុន គ្រោងនឹងបើកវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ ដើម្បីបង្កើតបច្ចេកវិទ្យា ការពារជាតិ ប្រកបដោយភាព ច្នៃប្រឌិតដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គ្រាមនាពេលអនាគត ដោយទាញ យកអ្នកជំនាញ ពីវិស័យឯកជនជាច្រើនរូបយោង តាមការចេញផ្សាយពីគេហទំព័រ Japan Today ។

វិទ្យាស្ថានគ្រោងនឹងដាក់ឲ្យដំណើរ ការជាមួយបុគ្គលិកប្រហែល ១០០ នាក់នៅអគារពាណិជ្ជកម្ម Ebisu Garden Place ត្រូវបានយកគំរូ តាមទីភ្នាក់ងារ គម្រោងស្រាវជ្រាវកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ឬ DARPA ដែលល្បីល្បាញ សម្រាប់តួនាទីឈានមុខគេ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដូចជាអ៊ីនធើណេត និង GPS ។

វិទ្យាស្ថាននេះក៏កំពុងទទួលយកវិធីសាស្រ្តស្រដៀងគ្នា ទៅនឹងអង្គភាពច្នៃប្រឌិតការពារជាតិរបស់ក្រសួងការពារជាតិអាមេរិក បម្រើការជាស្ពាន រវាងមន្ទីរបញ្ចកោណ និងវិស័យឯកជន។ ក្រសួងគ្រោងនឹងជួលអ្នកជំនាញក្នុងវិស័យសំខាន់ៗ រួមមាន បញ្ញាសិប្បនិម្មិត វិស្វកម្មមនុស្សយន្ត និងភាគល្អិតបឋម ជាអ្នកគ្រប់គ្រងកម្មវិធីដែលទទួលខុសត្រូវលើការរចនា និងការគ្រប់គ្រងគម្រោង។

ជប៉ុនកំពុងធ្វើការ ដើម្បីបង្កើតបច្ចេកវិទ្យា ការពារជាតិថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ វិទ្យាស្ថានក៏នឹងផ្តោត លើការស្រាវជ្រាវ រកឃើញថ្មីៗ ក្នុងគោលបំណងដាក់ពង្រាយ ឧបករណ៍ថ្មីក្នុងរយៈពេលប្រហែល ៣ ឆ្នាំ ដោយបង្កើនការប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់។ គម្រោងជាក់ស្តែងរួមមានការបង្កើត យានគ្មានមនុស្សបើក អាចរុករកដោយស្វ័យភាពក្នុងភាពងងឹត និងវិធីសាស្រ្តថ្មីសម្រាប់ស្វែងរកនាវាមុជទឹក៕

Most Popular

To Top