ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកវាយ​ប្រហារ​ដោយយន្ដហោះដ្រូន លើអាកាសយានដ្ឋាន​យោធា​រុស្ស៊ី​ចំនួន ៤

គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារលើអាកាសយានដ្ឋានយោធារុស្ស៊ីចំនួន៤ កាលពីថ្ងៃពុធពេញមួយយប់នៅក្នុង “ការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយដ៏ធំបំផុត” របស់ខ្លួនក្នុងអំឡុងពេលជម្លោះ ខណៈដែលប្រទេសនេះ បានបន្តការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការអ៊ុយក្រែននៅលើបណ្ដាញ Telegram គោលដៅចម្បងនៃការវាយប្រហារដោយយន្តហោះដ្រូននៅក្នុងតំបន់ Voronezh, Kursk និង Nizhniy Novgorod របស់រុស្ស៊ីគឺឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងអាវុធ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរនៅលើ Telegram ថា “យើងបន្តឆ្ពោះទៅមុខបន្ថែមទៀតនៅក្នុងទីក្រុង Kursk” ពីមួយទៅពីរគីឡូម៉ែត្រនៅក្នុងតំបន់ផ្សេងៗចាប់តាំងពីការចាប់ផ្តើមនៃថ្ងៃនោះ។

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ទាហានអ៊ុយក្រែនប្រហែល ១២,០០០នាក់ បានចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយបានបង្កើតតំបន់ការពារជាយុទ្ធសាស្ត្រនៅក្នុងតំបន់ព្រំដែន។

លោក ហ្សេឡិនស្គី បានឲ្យដឹងថា ការិយាល័យមេបញ្ជាការយោធាមួយនឹងត្រូវបានបង្កើតឡើង “ប្រសិនបើចាំបាច់” នៅក្នុងតំបន់កាន់កាប់ដែលអ៊ុយក្រែនវាយយកបានលើសពី ១០០០គីឡូម៉ែត្រក្រឡា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីមុនបានចាត់ទុកការវាយលុករបស់អ៊ុយក្រែននៅទីក្រុង Kursk ថាជា “ការបង្កហេតុទ្រង់ទ្រាយធំ” ហើយបានចោទប្រកាន់អ៊ុយក្រែនថា បានកំណត់គោលដៅគ្មានការរើសអើងលើតំបន់ស៊ីវិល។ លោកបានបន្ដថាអ៊ុយក្រែន នឹងប្រឈមមុខនឹង “ការឆ្លើយតបត្រឹមត្រូវ” សម្រាប់សកម្មភាពរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top