កង់បេរ៉ា៖ អូស្ត្រាលី និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការពារជាតិ របស់ពួកគេទៅជាកិច្ចព្រមព្រៀង កម្រិតសន្ធិសញ្ញា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី និងលោក Prabowo Subianto ដែលជាប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារបានប្រកាស ពីការបញ្ចប់ការចរចា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិអូស្ត្រាលី-ឥណ្ឌូនេស៊ី បន្ទាប់ពីបានជួបពិភាក្សា គ្នានៅទីក្រុងកង់បេរ៉ា។
កតិកាសញ្ញាកម្រិត សន្ធិសញ្ញានេះ រួមមានការផ្តល់ជូនសម្រាប់សមយុទ្ធរួម និងសម្រាប់យោធាអូស្ត្រាលី និងឥណ្ឌូណេស៊ី ដើម្បីធ្វើប្រតិបត្តិការ ពីប្រទេសរបស់គ្នាទៅវិញទៅមក។
លោក អាល់បានី បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Prabowo និងលោក Richard Marles ថា “វានឹងក្លាយជាផែនការដ៏សំខាន់ សម្រាប់ប្រទេស របស់យើងទាំងពីរ ដើម្បីគាំទ្រដល់សន្តិសុខគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់ សម្រាប់ប្រទេសទាំងពីរ ហើយក៏សម្រាប់ស្ថិរភាព នៃតំបន់ដែលយើងចែករំលែកផងដែរ” ។
កិច្ចព្រមព្រៀងនេះ ការចរចាដែលបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៣ ក៏នឹងធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងអប់រំរវាងប្រទេស និងបង្កើនកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រផងដែរ។
លោក Prabowo ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីក្នុងខែកុម្ភៈ ហើយនឹងត្រូវសម្ពោធចូលកានលតំណែងនៅខែតុលា បានថ្លែងអំណរគុណ ដល់លោក អាល់បានី និងលោក Marles សម្រាប់វឌ្ឍនភាពលើកិច្ចព្រមព្រៀងការពារជាតិ ប៉ុន្តែក៏បានអំពាវនាវ ឱ្យអូស្ត្រាលីពង្រីកជំនួយ និងជំនួយបន្ថែមទៀតក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង និងគ្រឿងញៀន៕
ប្រែសម្រួល ឈូក បូរ៉ា