ព័ត៌មានអន្តរជាតិ

ជនសង្ស័យជិត ៨០០ នាក់ ត្រូវបានចាប់ខ្លួន ពីបទឆបោក តាមបណ្តាញអ៊ីនធើណេត នៅតំបន់ត្រីកោណមាស

VN Express

ឡាវ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កម្លាំងសន្តិសុខ នៅតំបន់សេដ្ឋកិច្ចពិសេស ត្រីកោណមាស ក្នុងខេត្តបកែវ ប្រទេសឡាវ ថ្មីៗនេះបានសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបង្រ្កាបក្រុមឆបោក តាមប្រព័ន្ធអ៊ីនធើណេត ដោយជោគជ័យ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៧១នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយឡាវ បានរាយការណ៍កាលពីថ្ងៃអង្គារថា ជនសង្ស័យមានទាំងបុរស និងស្ត្រីមកពី ១៥ ប្រទេសនៅអាស៊ី និងអាហ្វ្រិក ក្នុងនោះកុំព្យូទ័រ លើតុចំនួន ៧០៩ គ្រឿង កុំព្យូទ័រយួរដៃ ២៨ គ្រឿង ទូរស័ព្ទដៃ ១.៨៩៦ គ្រឿង iPad ២ គ្រឿង និង USB ១០ គ្រឿងត្រូវបានរឹបអូសក្នុងការវាយឆ្មក់។

វិធានការនេះក្នុងគោលបំណង ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់ រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម និងទប់ស្កាត់សកម្មភាព អាជីវកម្មខុសច្បាប់មិនឲ្យធ្វើសកម្មភាព ក្នុងទឹកដីឡាវ។

នៅដើមខែនេះ ប៉ូលីសវៀតណាម និងឡាវក៏បានរុះរើដោយជោគជ័យនូវប្រតិបត្តិការក្លែងបន្លំតាមអ៊ីនធើណេត និងជួញដូរមនុស្សទ្រង់ទ្រាយធំនៅតំបន់ ដោយបានចាប់ខ្លួន ជនជាតិវៀតណាមចំនួន ១៥៥ នាក់ដែលពាក់ព័ន្ធនឹងសកម្មភាពបន្លំឆ្លងដែនដ៏ស្មុគស្មាញ៕

Most Popular

To Top