សេអ៊ូល៖ កូរ៉េខាងជើង បានថ្កោលទោស ចំពោះយុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដោយបានប្តេជ្ញាថា ខ្លួននឹងទប់ទល់យ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង នុយក្លេអ៊ែរគ្រប់ប្រភេទ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក។
កូរ៉េខាងជើង បានថ្កោលទោស យុទ្ធសាស្ត្រនុយក្លេអ៊ែរ ដោយថា សហរដ្ឋអាមេរិក កំពុងស្វែងរកសង្គ្រាមនុយក្លេអ៊ែរឯកតោភាគី និងបង្ហាញការមិនពិត ចំពោះប្រទេសដទៃទៀតថា ជាការគំរាមកំហែងនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការកែសម្រួលឥរិយាបថ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក “មានផលប៉ះពាល់អវិជ្ជមាន យ៉ាងធ្ងន់ធ្ងរដល់តុល្យភាព នុយក្លេអ៊ែរសកល បរិយាកាស សន្តិសុខ និងប្រព័ន្ធរំសាយអាវុធនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបច្ចុប្បន្ន កាន់កាប់ឃ្លាំងអាវុធនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់ពិភពលោក។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក បានបង្កើតប្លុកយោធាផ្អែកលើនុយក្លេអ៊ែរ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។ ខ្លួនបានហៅប្រទេសនេះថាជា “តួអង្គគ្មានការទទួលខុសត្រូវបំផុត និងជារដ្ឋបញ្ឆោតទាំងឡាយ ដែលបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងបង្កើនលទ្ធភាពនៃការប៉ះទង្គិចនុយក្លេអ៊ែរនៅទូទាំងពិភពលោក”។
កូរ៉េខាងជើងនឹងពង្រឹងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការគ្រប់គ្រង និងលុបបំបាត់រាល់បញ្ហាប្រឈមផ្នែកសន្តិសុខ ដែលអាចនឹងកើតឡើងពីការកែសម្រួលនុយក្លេអ៊ែរ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរណាមួយ៕
ប្រែសម្រួល ឈូក បូរ៉ា