រុស្ស៊ី៖ មន្ត្រីសិទ្ធិមនុស្សកំពូលរបស់ប្រទេសរុស្ស៊ី លោកស្រី Tatyana Moskalkova បាននិយាយដោយរិះគន់ថា ការចាប់ខ្លួនស្ថាបនិកកម្មវិធីផ្ញើដ៏ពេញនិយមបំផុតលើពិភពលោក Telegram លោក Pavel Durov របស់អាជ្ញាធរប្រទេសបារាំង ជាការរំលោភលើសិទ្ធិភាពក្នុងនិយាយដោយសេរី និងចង់បិទវេទិកាមួយនោះតែម្តង។
កាលពីថ្ងៃអាទិត្យ លោក Moskalkova សរសេរនៅលើ Telegram ដោយប្រកែកថា ហេតុផលពិតប្រាកដនៅពីក្រោយការចាប់ខ្លួន លោក Pavel Durov គឺជាការប៉ុនប៉ងបិទកម្មវិធីផ្ញើសារ Telegram នេះ ដែលជាវេទិកាជួយមនុស្សរាប់លាននាក់អាចស្វែងរកការពិតលើពិភពលោក ហើយការចាប់ខ្លួនលោក Durov ធ្វើឲ្យគាំទ្រសេរីភាពនៃការបញ្ចេញមតិខឹងប្រទេសបារាំងយ៉ាងខ្លាំង។
ការបង្ហោះដាច់ដោយឡែកមួយ លោកស្រី Moskalkova បានថ្កោលទោសបារាំងចំពោះការឃុំខ្លួន លោក Durov ថា ជាការរំលោភសិទ្ធិសេរីភាពនៃការនិយាយរបស់មនុស្សជាតិ។ នៅពេលនិយាយអំពីការគោរពសិទ្ធិមនុស្សជាមូលដ្ឋានដោយប្រទេសដែលសរសើរលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែតាមពិតប្រទេសទំាងនោះកំពុងស្វែងរកការបំផ្លាញសិទ្ធិសេរីភាពនៃការនិយាយ។ លោកស្រីបន្ថែមទៀតថា ដោយជំនួសឲ្យការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការរើសអើង និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត ពួកគេចង់បានការគ្រប់គ្រងទាំងស្រុងលើការបញ្ចេញមតិរបស់មនុស្សជាតិទៅវិញទេ។
លោកស្រី Moskalkova បានពណ៌នាអំពីលោក Durov ថា លោកជាបុរសម្នាក់ដែលបានបង្កើតឧបករណ៍ងាយស្រួលប្រើ សាមញ្ញ និងអាចចូលប្រើបានសម្រាប់ការទំនាក់ទំនងរវាងមនុស្សទូទាំងពិភពលោកជាបណ្តាញមានការរីករាលដាលយ៉ាងឆាប់រហ័សនៃព័ត៌មានដែលមិនមានការត្រួតពិនិត្យ។
Telegram បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយនិយាយថា ក្រុមហ៊ុនកំពុងអនុវត្តតាមច្បាប់របស់សហភាពអឺរ៉ុប និងគោលនយោបាយសម្របសម្រួលមាតិកា។ ក្រុមហ៊ុនបានប្រកែកជាផ្លូវការថា ប្រទេសបារាំងធ្វើបែបនេះលើរូបលោក Durov មិនសមហេតុផលក្នុងការអះអាងថា លោក Durov ទទួលខុសត្រូវចំពោះការប្រើប្រាស់វេទិកាខុសដោយតួអង្គអាក្រក់ឡើយ។ កាលពីដើមឆ្នាំនេះ Telegram បានតែងតាំងតំណាងស្របច្បាប់របស់បែលហ្ស៊ិកដើម្បីធានាការអនុលោមតាម EU៕