ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​ចេញ​ ច្បាប់​ការពារ​ សិទ្ធិ​និយោជិត ​ក្រៅ​ម៉ោង​ធ្វើ​ការ​

អូស្ត្រាលីចេញ​ច្បាប់​មួយ​ ការពារ​សិទ្ធិ​និយោជិត ​ក្រៅ​ម៉ោង​ធ្វើ​ការ។ បុគ្គលិក​នៅ​ស្រុក​អូស្ត្រាលី​អាច​មិន​ចាំ​បាច់​ទទួល​ទូរស័ព្ទ ឬ អ៊ីម៉ែល​ពី​កន្លែង​ការងារ​ក្រៅ​ពី​ម៉ោង​ធ្វើ​ការ តាម​រយៈ​សិទ្ធិ​ការងារ​ថ្មី​មួយ​ហៅ​ថា «សិទ្ធិ​ក្នុង​ការ​កាត់​ផ្ដាច់​ពី​ការងារ​» ក្រោយ​ពី​ម៉ោង​ធ្វើការ​បាន​បញ្ចប់។

ច្បាប់​ថ្មី​នេះ​បាន​ចូល​ជា​ធរមាន​ នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ ហើយ​បុគ្គលិក​នានា​ មិន​ត្រូវ​បាន​ទទួល​បាន ​ការ​ដាក់​ទោសទណ្ឌ​ណា​មួយ​ពី​ក្រុមហ៊ុន ឬ និយោជក​ណា​ឡើយ ក្នុង​ករណី​ដែល​ទទួល​សារ ឬ ទូរស័ព្ទ ឬ ការងារ​ណា​មួយ​ក្រៅ​ពី​ម៉ោង​ធ្វើ​ការ​របស់​ខ្លួន។

ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​មានក្ដី​ព្រួយបារម្ភ​ពី​សំណាក់​និយោជិត ឬ បុគ្គលិក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ពាក់ព័ន្ធ​នឹង​រឿង​បង្ខំ​ឱ្យ​ធ្វើការ​ក្រៅ​ម៉ោង​ការងារ។ ទំនោរ​នេះ​បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំងពីសម័យ​កូវីដ-១៩មក ដោយ​បុគ្គលិក​នានា​តម្រូវ​ឱ្យ​ធ្វើ​ការ​ងារ​នៅ​ផ្ទះ ហើយ​មិន​មាន​តុល្យភាព​ច្បាស់​លាស់​រវាង​ជីវិត​ឯកជន និង​ជីវិត​ការងារ។

កាល​ពី​ឆ្នាំ​២០២៣កន្លង​ទៅ បុគ្គលិក​អូស្ត្រាលី​ ធ្វើ​ការ​លើស​ម៉ោង​ ដោយ​មិន​ទទួល​បាន​ប្រាក់បន្ថែម​ចំនួន​ជា​មធ្យម ២៨១ម៉ោង។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​វិទ្យាស្ថាន​អូស្ត្រាលី។ ក្នុងន័យ​នេះ​ដែរ​បាន​សេចក្ដី​ថា ប្រជាជន​អូស្ត្រាលី​ខាត​បង់​ទឹកប្រាក់​សរុប ៨៨ប៊ីលាន​ដុល្លារ​អាមេរិក ។

យ៉ាងណាមិញ ការ​បដិសេធ​មិន​ឆ្លើយ​អ៊ីម៉ែល ឬ មិន​លើក​ទូរស័ព្ទ​ក៏​ត្រូវ​តែ​មាន​ហេតុផល​ច្បាស់លាស់​ផង​ដែរ។ ក្នុង​ករណី​បន្ទាន់​ខ្លាំង​ ក្រុមហ៊ុន​អាច​ទាក់ទង​បុគ្គលិក​របស់ខ្លួន​បាន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រសិន​បើ​មាន​ករណី​វិវាទ​ណា​មួយ​កើត​ឡើង គណៈកម្មការ​យុត្តិធម៌ការងារ​អូស្ត្រាលី (FWC) ជា​អ្នក​កាត់ក្ដី​លើ​រឿង​វិវាទ​នេះ៕

Most Popular

To Top