បរទេស ៖ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានផ្សាយ កាលពីថ្ងៃអាទិត្យដោយដកស្រង់របាយការណ៍ ស៊ើបអង្កេតចុងក្រោយស្តីពីឧប្បត្តិហេតុនេះថា ការធ្លាក់ឧទ្ធម្ភាគចក្រ ដែលអតីតប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ដែលបានស្លាប់ គឺបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុ ដែលរួមមានអ័ព្ទក្រាស់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដែលជាអ្នករក្សាគោលនយោបាយ មិនចុះញម ដែលត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពល របស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺបានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់កាលពីខែឧសភានៅក្នុងតំបន់ភ្នំក្បែរព្រំដែនប្រទេស Azerbaijan ។
របាយការណ៍ចុងក្រោយបានសន្និដ្ឋានថា “មូលហេតុចម្បងនៃការធ្លាក់ឧទ្ធម្ភាគចក្រ គឺលក្ខខណ្ឌអាកាសធាតុដ៏ស្មុគស្មាញនៅក្នុងតំបន់” នេះបើយោង តាមទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ ។
របាយការណ៍ដែលចេញដោយគណៈកម្មាធិការ ជាន់ខ្ពស់ដែលត្រូវបានអះអាង ដោយយោធាអ៊ីរ៉ង់ ក្នុងការស៊ើបអង្កេតឧបទ្ទវហេតុនេះ បាននិយាយថា ពពកអ័ព្ទក្រាស់បានបណ្តាល ឱ្យឧទ្ធម្ភាគចក្រដែលកំពុងដឹកលោក Raisi និងអ្នកនៅលើឧទ្ធម្ភាគចក្រនោះ បានធ្លាក់ចូលទៅក្នុងតំបន់ភ្នំ។
របាយការណ៍បឋមរបស់យោធា អ៊ីរ៉ង់បាននិយាយកាលពីខែឧសភាថា គ្មានភស្តុតាង ឬការវាយប្រហារណាមួយ ត្រូវបានរកឃើញក្នុងអំឡុង ពេលស៊ើបអង្កេតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា