ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដាក់ពង្រាយយន្តហោះគ្មានមនុស្ស បើករហស្សនាម dragon drones ប្រឆាំងនឹងកងទ័ពជួរមុខរបស់រុស្ស៊ី

បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមហោះហើរយន្តហោះគ្មានមនុស្សបើក (UAVs) ដែលទម្លាក់សារធាតុដែលក្តៅខ្លាំងដែលជាលោហៈធាតុរលាយ ទៅលើកងកម្លាំងរុស្ស៊ីនៅផ្នែកជួរមុខ។ អាវុធយុទ្ធភណ្ឌបំពាក់លើយានដ្រូននេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយពួកណាស៊ី និងសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម CNN ដែលសរសេរនៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ថា ក្នុងអំឡុងពេលសប្តាហ៍មុន បណ្តាញ Telegram ជាច្រើនដែលភ្ជាប់ទៅនឹងយោធាអ៊ុយក្រែនបានចេញផ្សាយវីដេអូនៃយន្តហោះគ្មានមនុស្សបើក ហោះហើរទាប ហើយបាន “បាញ់ភ្លើង” សំដៅលើទីតាំងរុស្ស៊ីនៅក្នុងតំបន់ព្រៃ។

UAVs ដែលត្រូវបានគេដាក់រហស្សនាមថា “dragon drones ” ដោយសារលោហៈក្តៅរលាយដែលគេដាក់ពង្រាយនោះ គឺវាស្រដៀងនឹងភ្លើងដែលចេញពីមាត់សត្វទេវកថានោះ ឬ សត្វនាគ បានបង្កើតការផ្លាស់ប្តូរថ្មីលើបច្ចេកវិទ្យាជាប្រវត្តិសាស្ត្រ។

Thermite គឺជាល្បាយនៃម្សៅអាលុយមីញ៉ូម និងអុកស៊ីដដែកដែលឆេះនៅសីតុណ្ហភាពរហូតដល់ ២.២០០ អង្សាសេ (៤.០០០ អង្សាហ្វារិនហៃ)។ គ្រាប់រំសេវអាចច្រៀកលោហធាតុ ឬបំផ្លាញរុក្ខជាតិយ៉ាងឆាប់រហ័សដែលផ្តល់គម្របដល់កងទ័ព។ អាវុធដែលឆេះដូចជា thermite, napalm និង phosphorus ពណ៌ស មិនត្រូវបានហាមឃាត់នោះទេសម្រាប់ការប្រយុទ្ធក្រោមច្បាប់អន្តរជាតិ។

សារធាតុលោហៈក្តៅខ្លាំង Thermite ត្រូវបានបង្កើតឡើងដោយអ្នកគីមីវិទ្យាជនជាតិអាល្លឺម៉ង់ Hans Goldschmidt ក្នុងទសវត្សរ៍ឆ្នាំ១៨៩០ សម្រាប់គោលបំណងស៊ីវិល ប៉ុន្តែវាត្រូវបានប្រើប្រាស់ “ដើម្បីឥទ្ធិពលដ៏គួរឱ្យរន្ធត់” នៅក្នុងសង្គ្រាមលោកទាំងពីរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top