ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា កងទ័ពជើងទឹករបស់រុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយុទ្ធសាស្ត្រទ្រង់ទ្រាយធំលើមហាសមុទ្រឆ្នាំ ២០២៤ដែលនឹងដំណើរការរហូតដល់ថ្ងៃទី១៦ ខែកញ្ញានេះ ។
ក្រសួងការពារជាតិបានឲ្យដឹងថា “សមយុទ្ធនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃការហ្វឹកហ្វឺនប្រតិបត្តិការ និងការប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងឆ្នាំ២០២៤” ។
ក្រសួងការពារជាតិបានឲ្យដឹងថា នាវាចម្បាំង នាវាមុជទឹក និងនាវាជំនួយជាង៤០០គ្រឿង ព្រមទាំងយន្តហោះកងទ័ពជើងទឹកជាង១២០គ្រឿង គ្រឿងសព្វាវុធយោធា និងផ្នែករឹងពិសេសចំនួន៧.០០០ គ្រឿង និងបុគ្គលិកជាង៩០.០០០នាក់នឹងចូលរួមក្នុងសមយុទ្ធមួយនេះ ។
គួរបញ្ជាក់ថា សមយុទ្ធនេះនឹងធ្វើឡើងនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាកទិក ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេ កាសព្យែន និងសមុទ្របាល់ទិកផងដែរ ។
យោងតាមក្រសួង បញ្ជាការយុទ្ធសាស្ត្រ និងលំហាត់បុគ្គលិកនៃមហាសមុទ្រឆ្នាំ 2024 នឹងសាកល្បងការត្រៀមខ្លួនរបស់បុគ្គលិកជាន់ខ្ពស់របស់កងទ័ពជើងទឹករុស្ស៊ី ដើម្បីបញ្ជាក្រុមកងកម្លាំងសព្វាវុធ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រតិបត្តិការមិនស្តង់ដារ។ កងកម្លាំងរុស្ស៊ីក៏នឹងអនុវត្តការប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ និងទំនើបផងដែរ ។
ក្រសួងខាងលើបានឲ្យដឹងទៀតថា សមយុទ្ធនេះក៏មានគោលបំណង “ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកនៃប្រទេសដែលជាដៃគូ ដើម្បីបំពេញបេសកកម្មនៅដែនសមុទ្ររួមគ្នា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា