ម៉ាឡេស៊ី ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃពុធថា អាជ្ញាធរម៉ាឡេស៊ី បានជួយសង្គ្រោះកុមារ រាប់រយនាក់ចេញពីផ្ទះថែទាំ ដែលពួកគេត្រូវបានគេ ចោទប្រកាន់ថា បានរំលោភបំពានលើរាងកាយ និងផ្លូវភេទ ហើយបានចាប់ខ្លួនមនុស្សជាច្រើននាក់ ក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំបំផុត យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
លោក Razarudin Husain អគ្គអធិការប៉ូលិសបាននិយាយថា កុមារចំនួន ៤០២ នាក់ដែលមានអាយុចន្លោះពី ១ ឆ្នាំដល់ ១៧ ឆ្នាំត្រូវបានជួយសង្គ្រោះ ក្នុងអំឡុងពេលការវាយឆ្មក់នៅមណ្ឌលសប្បុរសធម៌នានា ក្នុងរដ្ឋ Selangor និង Negri Sembilan កាលពីថ្ងៃពុធ។ ការវាយឆ្មក់ពេលព្រឹក ដោយមានការចូលរួមពីបុគ្គលិកជិត១.០០០នាក់មកពីប៉ូលិស និងភ្នាក់ងារផ្សេងទៀត ។
លោកបានបន្ថែមថា នោះនាំឲ្យមានការចាប់ខ្លួន មនុស្សប្រមាណ ១៧០ នាក់ រួមទាំងគ្រូបង្រៀនសាសនាអ៊ិស្លាម និងអ្នកមើលថែនៅផ្ទះ សុខុមាលភាពផងដែរ។ លោក Razarudin បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋ Pahang ថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា ជនរងគ្រោះត្រូវបានរំលោភបំពានផ្លូវភេទ ដោយអ្នកមើលថែរបស់ពួកគេ និងបង្ខំឲ្យធ្វើបាបកុមារដទៃទៀត។
លោកបានបញ្ជាក់ថា ជនរងគ្រោះដែលមានជំងឺ មិនត្រូវបានអនុញ្ញាតឲ្យទៅព្យាបាល នៅគ្លីនិកទេរហូតដល់ស្ថានភាពរបស់ពួកគេមានសភាពធ្ងន់ធ្ងរ។ កុមារទាំងនោះនឹងត្រូវបានគេដាក់នៅបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិស ក្នុងរដ្ឋធានីគូឡាឡាំពួ ហើយនឹងទទួលការពិនិត្យសុខភាព ៕