សាន់ហ្វ្រាន់ស៊ីស្កូ ៖ លោក Elon Musk បានលុបសារចេញពី ប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកក្រោយពីលោកប្រើពាក្យថា “គ្មាននរណាម្នាក់ព្យាយាម ធ្វើឃាត លោកប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាត ជាក់ស្តែងលើ អតីតប្រធានាធិបតី Donald Trump ខណៈលោក Trump កំពុងលេងកីឡាវាយកូនហ្គោល យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។
បណ្តាញសង្គមរបស់លោក Musk ដែលមានអ្នកតាមដានជិត ២០០លាននាក់នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានទិញក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលឆ្នាំ ២០២២ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងទៅលោក Trump ជាប្រធានាធិបតីថ្មីយ៉ាងពេញទំហឹងតែម្តង។
លោកបានសម្រេចចិត្តលុបចោលការបង្ហោះសារជាផ្លូវការ បន្ទាប់ពីលោករងការរិះគន់ទ្វេដងនូវសកម្មភាពមិនល្អរបស់លោកជាលើកទ២ ។ កាលពីសប្តាហ៍មុន លោកបាននិយាយលេងសើច ទៅលើកំពូលតារាចម្រៀងនាង Taylor Swift បន្ទាប់ពីតារាចម្រៀងរូបនេះ បានបង្ហោះការគាំទ្រ ចំពោះលោកស្រី Harris ជាប្រធានាធិបតីថ្មី ។
ការឆ្លើយតបទៅនឹងគណនី DogeDesigner ជាគណនីមួយក្នុងចំណោមគណនី ៧០០ ដែលលោក Musk បានតាមដាននោះ បានសួរថា ហេតុអ្វីបានជាពួកគេចង់សម្លាប់ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump?” តម្លើយរបស់លោក Musk ត្រូវបានថ្កោលទោសយ៉ាងរហ័ស ដោយអ្នកប្រើប្រាស់ X ជាច្រើននាក់ ហើយគណនី DeportElonMusk បានចាប់ផ្តើមពេញនិយមនៅលើ X នៅព្រឹកថ្ងៃចន្ទតែម្តង។
អ្នកនាំពាក្យសេតវិមានលោក Andrew Bates បាននិយាយក្នុងការឆ្លើយតបទៅនឹងការប្រកាសរបស់លោក Musk ថា អំពើហិង្សាគួរតែត្រូវបានថ្កោលទោស មិនដែលលើកទឹកចិត្ត ឬលេងសើចឡើយជាមួយពាក្យសម្តីមិនពិត។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla ធ្លាប់បានបង្ហោះសារមិនពិត និងមានជម្លោះជាមួយមេដឹកនាំពិភពលោក និងអ្នកនយោបាយ។ បច្ចុប្បន្ន X ត្រូវបានហាមឃាត់ក្នុងប្រទេសប្រេស៊ីល ចំពេលមានជម្លោះរវាងលោក Musk និងចៅក្រមតុលាការកំពូលប្រេស៊ីល ជុំវិញការនិយាយដោយសេរី គណនីស្តាំជ្រុល និងព័ត៌មានមិនពិត ៕