ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រ ខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន

AFP

សេអ៊ូល ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីល ផ្លោងជាច្រើនគ្រាប់នៅថ្ងៃពុធនេះ ដែលត្រូវបានគេជឿថា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេសជប៉ុន នៅក្នុងសមុទ្រជប៉ុន ដោយមិនមានការខូចខាត ដល់យន្តហោះ ឬនាវានោះទេ។

យោងតាមក្រសួងការពារជាតិ បានឱ្យដឹងថា មីស៊ីលដែលបានបាញ់បង្ហោះនៅម៉ោងប្រហែល ៦ និង ៥៣នាទីព្រឹក និងមួយគ្រាប់ទៀតនៅម៉ោង ៧ និង ២៣នាទីព្រឹក ពីទីតាំងដីគោក បានធ្លាក់ចេញពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង នេះបើយោងតាមក្រសួងការពារជាតិ។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅភាគឦសានពីតំបន់ Kaechon ក្នុងខេត្ត South Phyongan ក្បែរទីក្រុងព្យុងយ៉ាង ដែលបានហោះហើរបានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងតូក្យូបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាមួយទីក្រុងព្យុងយ៉ាង ដោយថា ការធ្វើតេស្តមីស៊ីល ដែលបន្ទាប់ពីការបាញ់បង្ហោះ ជាច្រើនដងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន គឺជា “ការរំលោភយ៉ាងច្បាស់ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ។

អគ្គលេខាធិការរងខុទ្ទកាល័យលោក Hiroshi Moriya បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងជាប់ៗគ្នា ក្នុងរយៈពេលដ៏ខ្លី ហើយការអភិវឌ្ឍន៍មីស៊ីលរបស់វាគឺ “មិនអាចទទួលយកបានទាំងស្រុង”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top