អាមេរិក ៖ យោងតាមគេហទំព័រព័ត៌មានសុខភាព របស់អាមេរិកបានឲ្យដឹងថា ក្នុងផ្ទៃរាបទំហំ ១ហ៊ុនបួនជ្រុង នៃស្បែកមនុស្សគេពិនិត្យឃើញ មានចំណុចឈឺពី១០០ ទៅ២០០កន្លែង ដោយក្នុងនោះ រួមមានចំណុចទង្គិច ២៥កន្លែង ចំណុចត្រជាក់ ១០កន្លែង និងចំណុចក្តៅ ១កន្លែង ក៏ប៉ុន្តែគ្មានកន្លែងរសើប និង រមាស់ទេ តែមនុស្សយើងតែងតែជួបប្រទះ នូវភាពរមាស់ និង រសើបគ្រប់ៗគ្នា។
ឧទាហរណ៍ដូជជាពេលត្រូវមូសខាំ ម្តងៗស្បែកយើងរមាស់ទ្រាំមិនបាន យកដៃទៅអេះឡើងកន្ទួលដុំៗអាក្រក់មើលក្រៃលែង។ ហើយជាពិសេស ត្រូវតែអេះឲ្យចំកន្លែងរមាស់ នោះទើបបាត់រមាស់ ហើយស្រួលខ្លួនទៀតផង បើពុំនោះទេនៅតែរមាស់មិនឈប់។
ចុះហេតុអ្វីបានជាមានការអាការរមាស់? បញ្ហានេះអ្នកខ្លះយល់ថា រមាស់គឺជាដំណាក់កាលដំបូង នៃការឈឺចាប់បើគេគ្រាន់តែប៉ះទង្គិច ទៅលើចំណុចបន្តិចបន្តួច នោះសរសៃវិញ្ញាណនៅផ្នែកនេះ និងផ្តល់ព័ត៌មានទៅខួរក្បាលបណ្តាល ឲ្យយើងដឹងថាស្បែករបស់យើងមានអាការរមាស់ភ្លាម។ តែបើប៉ះទង្គិចខ្លាំង យើងនឹងមានការឈឺចុកចាប់មិនខាន លែងមានការរមាស់ទៀតហើយ ។
ក្រៅពីរឿងរមាស់នេះ អ្នកវិទ្យាសាស្រ្តពុំទាន់រកឃើញនូវចំនុចមួយទៀត ដែលបណ្តាលឲ្យយើងរាល់គ្នាចេះរសើប ។ អ្នកខ្លះយល់ថានៅលើខ្លួនមនុស្សយើង ប្រាកដជាមានចំណុចរសើប ដែលមានសរសៃវិញ្ញាណតភ្ជាប់ពីស្បែកទៅខួរក្បាល។ ព្រោះថានៅលើខ្លួនយើង មានកន្លែងខ្លះរសើប កន្លែងខ្លះមិនរសើប។
ពេលចាក់ក្រឡេកសរសៃរសើបញាក់ដល់ខួរក្បាល កន្រ្តាក់អារម្មណ៍យើងឲ្យដឹងថា ស្បែកយើងម្តុំណាកំពុងរសើបហើយ។
ប៉ុន្តែហេតុអ្វីបានជាអ្នកក្រៅចាក់ក្រឡេករសើប ដល់ចាក់ខ្លួនឯងមិនរសើប?
ត្រង់នេះយើងគួរកត់សំគាល់ថា ការចាក់ក្រឡេកខ្លួនឯង ខួរក្បាលយើង អារម្មណ៍យើង បានដឹងមុនជាស្រេចថា ខ្លួនឯងប្រុងនឹងចាក់ក្រឡេកហើយ ហេតុដូច្នេះស្រទាប់ខួរក្បាលត្រូវមានចលនារវើក ដូចជាមានការប្រុងប្រៀបជាមុនអញ្ចឹង បណ្តាលឲ្យការចាក់ក្រឡេកនោះគ្មានប្រសិទ្ធិភាពទៅវិញ។