បរទេស ៖ លោក Ramzan Kadyrov ប្រមុខនៃសាធារណរដ្ឋឆេចយ៉ា បានសរសេរនៅលើ Telegram កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានបញ្ជូនរថយន្ត Tesla Cybertrucks ចំនួនពីរគ្រឿងបន្ថែមទៀត ទៅកាន់តំបន់ប្រយុទ្ធនៅក្នុងជម្លោះអ៊ុយក្រែន។ លោកក៏បានផ្សព្វផ្សាយវីដេអូ ដែលបង្ហាញពីរថយន្តអគ្គិសនី ទាំងពីរគ្រឿងនោះផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ហោះនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Kadyrov បានស្តីបន្ទោសនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk សម្រាប់ការបិទដំណើរការពីចម្ងាយ Cybertruck ដែលមេដឹកនាំ Chechen បានតវ៉ាកាលពីខែសីហា ។ លោក Kadyrov បានសរសេរនៅក្នុងសារបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ថា “អ្វីដែល Elon Musk បានធ្វើគឺមិនបានប្រែក្លាយ រគាត់នោះទេ” ។ Elon Musk ខ្លួនឯងមិនបានធ្វើអត្ថាធិប្បាយ លើការអភិវឌ្ឍន៍នោះទេ។
វីដេអូកាលពីថ្ងៃសុក្របង្ហាញ ពីអ្វីដែលមើលទៅដូចជា រថយន្ត Cybertrucks ពីរគ្រឿងដែលមានកាំភ្លើងយន្តដែលបានដំឡើងពីលើ និងត្រូវបានគ្រប់គ្រង ដោយមនុស្សពាក់អាវការពារ និងឧបករណ៍យោធា។ រថយន្តទាំងនោះអាចត្រូវបានគេមើលឃើញធ្វើដំណើរតាមផ្លូវដីហុយកាត់តំបន់ឈើខណៈដែលអមដោយរថយន្តពីរគ្រឿង។ បន្ទាប់មក រថយន្តបានបើកទៅទីតាំងមួយនៅលើភ្នំតូចមួយ ហើយបើកការបាញ់ប្រហារលើយន្តហោះគ្មានមនុស្សបើកមួយគ្រឿង។
Tesla Cybertruck គឺជារថយន្តអគ្គិសនីដែលមានរចនាបថខ្ពស់ជាមួយនឹង ផ្នែកខាងក្រៅដែលធន់បន្ថែម ទោះបីជាវាមិនដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់យោធាក៏ដោយ ហើយមានលក់ក្នុងតម្លៃជាង ២០ម៉ឺន ដុល្លារ ។ មេដឹកនាំ Chechen ក៏បានបញ្ជាក់ផងដែរថា រថយន្តទាំងពីរគ្រឿង មិនត្រូវបានប៉ះពាល់ពីការបិទប្រព័ន្ធពីចម្ងាយនោះទេ ដែលលោកបានចោទប្រកាន់ថា ត្រូវបានអនុវត្តនៅលើ Cybertruck ផ្សេងទៀតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា