ព័ត៌មានអន្តរជាតិ

មេដឹកនាំ Quad នឹងពង្រីកកិច្ចសហប្រតិបត្តិការ ដែនសមុទ្រ ចំពេលមានការកើនឡើង នូវឥទ្ធិពលរបស់ចិន

Kyodo

តូក្យូ៖ មេដឹកនាំនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដូចជាតាមរយៈការធ្វើឱ្យប្រសើរឡើង នូវភាពស្របគ្នានៃឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសរបស់ពួកគេ ក្នុងការប្រឈមមុខនឹងការកើនឡើង ឥតឈប់ឈររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងដែនទឹកក្បែរនោះ។ 

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជ្រើសរើសរដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល បួនផ្លូវនៃក្រុមដែលគេស្គាល់ថា Quad ដោយសង្ឃឹមថា នឹងកត់សម្គាល់ការកសាងភាព ជាដៃគូជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់រដ្ឋបាលរបស់លោក។

កិច្ចប្រជុំនៅអតីតវិទ្យាល័យរបស់លោក បៃដិន គឺវិទ្យាល័យ Archmere Academy ដែលមានទីតាំងនៅជិត Wilmington ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ អំពីកេរដំណែលរបស់លោក និងជាឱកាសសម្រាប់លោក ដើម្បីបង្ហាញពីអ្វីដែលបានសម្រេច ដោយគោលនយោបាយការបរទេសដ៏សំខាន់ របស់រដ្ឋបាលរបស់លោក ចាប់តាំងពីការបង្កើតឡើងជាង ៣ឆ្នាំកន្លះមុន។ 

វាជាលើកទីមួយហើយដែលលោក បៃដិន ដែលបានបោះបង់ចោលការប្រកួតប្រជែងប្រធានាធិបតីរបស់លោក សម្រាប់អាណត្តិទីពីរនៅក្នុងខែកក្កដា បានអញ្ជើញមេដឹកនាំបរទេស ទៅកាន់ស្រុកកំណើតរបស់លោក។

មន្ត្រីសេតវិមានបានឲ្យដឹងថា លោក បៃដិន បានជ្រើសរើសកន្លែងឯកជនមួយ ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងផ្ទាល់ខ្លួន ដ៏ជិតស្និទ្ធដែលលោកបានជំរុញ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់លោក បៃដិន បានឲ្យដឹងថា មេដឹកនាំត្រូវបានកំណត់ “ដើម្បីបង្ហាញពីដៃគូ Quad មានភាពស៊ីសង្វាក់គ្នា ជាយុទ្ធសាស្រ្តជាងអ្វីដែលពួកគេធ្លាប់មាន” តាមរយៈគម្រោងដែលកំពុងបន្តនៅក្នុងតំបន់ ដែលរាប់ចាប់ពីសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្រ រហូតដល់ការឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

មន្ត្រីរូបនេះបានបន្ដថា “សំខាន់បំផុតនោះគឺថា Quad នៅទីនេះ ដើម្បីស្នាក់នៅ” ដោយបង្ហាញទំនុកចិត្តថា ការដាក់ជាក្រុមនៃលទ្ធិប្រជាធិបតេយ្យធំៗ ទាំងបួនក្នុងតំបន់ ចែករំលែកទស្សនៈវិស័យនៃឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហនឹងមានរយៈពេល ជាច្រើនឆ្នាំលើសពីការ កាន់កាប់របស់លោក បៃដិន៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top