បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក កំពុងពង្រឹងវត្តមានយោធា របស់ខ្លួននៅក្នុងរដ្ឋអាឡាស្កា ដោយសារតែការកើនឡើង នៃសកម្មភាពរបស់រុស្ស៊ី និងចិននៅខាងក្រៅ ឆ្នេរសមុទ្រផង ។
ប្រភពដដែលបានធ្វើការ កត់សម្គាល់ថា ក្នុងរយៈពេលមួយខែកន្លងមកនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយឡើងវិញ នូវសព្វាវុធនិងឧបករណ៍ យោធាជាច្រើន រួមទាំងនាវាពិឃាត USS Sterett ផងដែរ។
បន្ថែមពីលើនេះ កងកម្លាំងជើងគោក ឥឡូវនេះ កំពុងឈរជើងនៅលើកោះដាច់ស្រយាលមួយរបស់រដ្ឋ ហើយយន្តហោះចម្បាំង និងយន្តហោះផ្សេងទៀតត្រូវបានដាក់ឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ថែមទៀតផង។
Business Insider បានរាយការណ៍កាលពីសប្តាហ៍មុនថា ការដាក់ពង្រាយរួមមានធាតុផ្សំ នៃកងពលធំអាកាសទី១១ ដែលគាំទ្រដោយប្រព័ន្ធគ្រាប់រ៉ូក្កែតHIMARS និងរ៉ាដាប្រឆាំងមីស៊ីល ដើម្បីតាមដានសមយុទ្ធកងទ័ពជើងទឹកចិន-រុស្ស៊ី។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្តេជ្ញាថា ទីក្រុងម៉ូស្គូនឹងការពារផល ប្រយោជន៍របស់ខ្លួន នៅក្នុងតំបន់អាក់ទិក ដោយនិយាយថា ប្រទេសបណ្តាសមាជិកណាតូ ហាក់ដូចជាកំពុងសម្លឹងមើលការពង្រីក ខ្លួននៅក្នុងតំបន់នេះ៕
ប្រែសម្រួល៖ស៊ុនលី