តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជាក់លាក់ចុងក្រោយបំផុតរបស់ខ្លួនក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនធុន kamikaze នៅក្នុងក្បួនដង្ហែដ៏ធំ ដែលរៀបចំដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។
មីស៊ីលផ្លោងមានឈ្មោះថា Jahad និងយន្ដហោះដ្រូន ដែលមានឈ្មោះថា Shahed-136B ត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងពេលក្បួនដង្ហែលោក Imam Khomeini ដែលជាស្ថាបនិកចុងក្រោយនៃសាធារណរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ ។

ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការចាប់ផ្តើមនៃសប្តាហ៍ការពារដ៏ពិសិដ្ឋ ដោយរំលឹកដល់សង្រ្គាមអ៊ីរ៉ង់ និងអ៊ីរ៉ាក់រយៈពេល ៨ឆ្នាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នេះបើយោងតាមរបាយការណ៍។
មីស៊ីលផ្លោង Jahad ដំណើរការដោយឥន្ធនៈរឹង អាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ១០០០គីឡូម៉ែត្រ ជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់ក្នុងការវាយប្រហារគលលដៅ។ វាត្រូវបានរចនា និងអភិវឌ្ឍដោយកងកម្លាំងអាកាសយានិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។
ប្រភពបានឲ្យដឹងទៀតថា យន្តហោះដ្រូនធុន Shahed 136B ដំណើរការដោយម៉ាស៊ីន turbojet អាចបំផ្លាញគោលដៅជាង ២,៥០០ គីឡូម៉ែត្រពីចម្ងាយ។ ប្រភពបានបន្ថែមថា យន្ដហោះដ្រូនប្រភេទនេះក៏ត្រូវបានរចនា និងផលិតដោយកងកម្លាំងអាកាសយានិក IRGC ផងដែរ។
ថ្លែងនៅក្នុងពិធីដង្ហែរក្បួន ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ អាចការពារខ្លួន និងធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច តាមរយៈឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋមូស្លីមផ្សេងទៀត។

លោកត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោកថា “សព្វថ្ងៃនេះ អំណាចការពារ និងការរារាំងរបស់អ៊ីរ៉ង់ បានកើនឡើងដល់កម្រិតមួយ ដែលមិនមានអារក្សណាហ៊ានប្រព្រឹត្តអំពើឈ្លានពានណាមួយប្រឆាំងនឹងប្រទេសនេះ ឬសូម្បីតែគិតដល់វា”៕
ប្រែសម្រួល ឈូក បូរ៉ា
