ណានណីង ៖ បណ្តាអ្នកចូលរួម នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុងណានណីង នៃតំបន់ស្វយ័ត Guangxi Zhuang ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជួយឲ្យវិស័យពាណិជ្ជកម្ម រវាងភាគីសង្ខាង កាន់តែប្រសើរឡើង ។
គួរបញ្ជាក់ថា ពិធីបើកនេះបានទាក់ទាញ អ្នកចូលរួមប្រហែល១.១០០នាក់ រួមទាំងមេដឹកនាំចិន និងបរទេស មន្ត្រីរដ្ឋាភិបាល សហគ្រិន អ្នកប្រាជ្ញនានា និងអ្នកតំណាងមកពីអង្គការអន្តរជាតិផងដែរ ។
នៅពេលថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍នេះដែរ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងសរសេរជំពូកថ្មីមួយ ក្នុងការកសាងសហគមន៍ ចិន-អាស៊ាន ឱ្យកាន់តែជិតស្និទ្ធជាមួយអនាគតរួមគ្នា ។
គេបានដឹងថា លោក Ding ក៏ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអំពាវនាវឱ្យប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការបើកចំហ ដល់កម្រិតថ្មីមួយផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា