ព័ត៌មានអន្តរជាតិ

ជប៉ុនបាញ់បង្ហោះរ៉ុក្កែត H2A ជាមួយនឹងផ្កាយរណប ឈ្លបយកការណ៍ បន្ទាប់ពីមានការពន្យារពេល អស់ច្រើនខែ

តូក្យូ ៖ ក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត Mitsubishi Heavy Industries Ltd បាននិយាយថា គ្រាប់រ៉ុក្កែតឥន្ធនៈរាវ H2A ដែលផ្ទុកផ្កាយរណបប្រមូលព័ត៌មាន ត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃព្រហស្បតិ៍ ពីកោះភាគនិរតីនៃប្រទេសជប៉ុនជាផ្លូវការ បន្ទាប់ពីមានការពន្យារពេលអស់ច្រើនខែ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today  ។

ការបាញ់បង្ហោះរ៉ុក្កែតលេខ ៤៩ ដោយជោគជ័យពីមជ្ឈមណ្ឌលអវកាសនៅលើកោះ Tanegashima ក្នុងខេត្ត Kagoshima បន្ទាប់ពីការពន្យារពេល ២ លើក ដោយសារអាកាសធាតុមិនអំណោយផល។

ផ្កាយរណបឈ្លបយកការណ៍ របស់រដ្ឋាភិបាលនឹងតាមដានស្ថានភាពដីពីលំហ។ វានឹងត្រូវប្រើប្រាស់សម្រាប់សន្តិសុខជាតិ និងដើម្បីវាយតម្លៃការខូចខាត បន្ទាប់ពីគ្រោះមហន្តរាយទ្រង់ទ្រាយធំ។

ប្រទេសជប៉ុនគ្រោងនឹងបាញ់បង្ហោះ H2A មួយបន្ថែមទៀត មុនពេលគ្រាប់រ៉ុក្កែតនេះត្រូវបានជំនួសដោយគ្រាប់រ៉ុក្កែត H3 ជំនាន់បន្ទាប់ ដែលបង្កើតឡើងដោយទីភ្នាក់ងារ រុករកអវកាសជប៉ុន និងក្រុមហ៊ុន Mitsubishi Heavy ៕

Most Popular

To Top