ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Netflix នឹងចេញផ្សាយឯកសារស្តីពីរឿងអាស្រូវផ្លូវភេទរបស់តារារ៉េបអាមេរិកលោក Diddy

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Netflix កំពុងតែចាប់ដៃគូជាមួយតារាចម្រៀងរ៉េប 50 Cent ដើម្បីផលិតឯកសារស្តីពីតារាចម្រៀងរ៉េបអាមេរិក Sean “Diddy” លោក Combs ដោយផ្តោតលើការរំលោភផ្លូវភេទ និងការចោទប្រកាន់គំរាមកំហែងដោយហិង្សាលើលោក។

នេះបើតាមក្រុមហ៊ុន Variety បាននិយាយថា គម្រោងនេះបានប្រកាសកាលពីថ្ងៃទី២៥ ខែកញ្ញា និងដឹកនាំដោយ Alexandria Stapleton នឹងស្វែងយល់ពីរឿងរ៉ាវដ៏ស្មុគស្មាញដែលមានរយៈពេលរាប់ទសវត្សរ៍ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការផលិត។

50 Cent និង Stapleton បាននិយាយក្នុងសេចក្តីថ្លែងការណ៍ផ្តាច់មុខមួយទៅកាន់ Variety ថា នេះគឺជារឿងមួយដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស។ វាគឺជាការនិទានរឿងដ៏ស្មុគស្មាញ មានរយៈពេលជាច្រើនទសវត្សរ៍មកហើយ មិនមែនត្រឹមតែចំណងជើង ឬឈុតខ្លីៗដែលឃើញកន្លងមកនោះទេ។

យោងតាមសារព័ត៌មាន Daily Mail ថា លោក Diddy ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញាប្រឈមនឹងការចោទប្រកាន់ពីការជួញដូរផ្លូវភេទ ការរំលោភបំពានដោយហិង្សា។ ព្រះរាជអាជ្ញាបានសម្ភាសន៍ជនរងគ្រោះ និងសាក្សីជាង ៥០នាក់ ដោយចំនួនរំពឹងថានឹងកើនឡើង។ លោក Diddy បានសារភាពថា មិនមានកំហុស និងបានស្នើសុំនៅក្រៅឃុំចំនួន ៥០ លានដុល្លារ ប៉ុន្តែចៅក្រមបានបដិសេធសំណើរបស់លោក៕

Most Popular

To Top